មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រមុខបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ អ៊ីរីក គូរីលឡា (Erik Kurilla) កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីនិយាយជាមួយក្រុមមន្ត្រី ខណៈដែលការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីលទ្ធភាពវាយប្រហារលើអ៊ីស្រាអែលដោយអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធដែលខ្លួនគាំទ្រ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ឯក Pat Ryder បានប្រាប់អ្នកយកព័ត៌មានថា លោក ឧត្តមសេនីយ៍គូរីលឡា កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល។ ដូចដែលខ្ញុំយល់ហើយ លោកកំពុងធ្វើដំណើរជុំវិញតំបន់នេះ។
លោក Ryder បាននិយាយថា៖«ការយល់ដឹងរបស់ខ្ញុំ គឺលោកមានគម្រោងធ្វើដំណើរទៅកាន់ប្រទេស អ៊ីស្រាអែល» ប៉ុន្តែ «ដោយសារតែការវិវឌ្ឍថ្មីៗ លោកបានផ្លាស់ប្តូរដំណើររបស់ខ្លួនទៅជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗ [កងកម្លាំងការពារអ៊ីស្រាអែល] និងពិភាក្សាអំពីការគំរាមកំហែងផ្នែកសន្តិសុខ នាពេលបច្ចុប្បន្ន នៅក្នុងតំបន់នេះ»។
សារព័ត៌មាន Axios បានរាយការណ៍ជាលើកដំបូងអំពីការធ្វើដំណើររបស់លោកគូរីលឡា ដោយកត់សម្គាល់ថា លោកត្រូវបានគេរំពឹងថា នឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) ក្នុងចំណោមអ្នកផ្សេងទៀត។
អ៊ីរ៉ង់កំពុងប្តេជ្ញាសងសឹកអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីសប្តាហ៍មុនលើអគារមួយ នៅជាប់នឹងស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស បានសម្លាប់មនុស្ស ១២នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ពីរនាក់ផង ដែរ។