ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) បានចំអកឱ្យជុំនៃកិច្ចចរចាសន្តិភាពអ៊ុយក្រែន ដែលបានគ្រោងទុកក្នុងប្រទេសស្វីស ដោយព្រមានថា ទីក្រុងមូស្គូនឹងមិនទទួលយកផែនការអនុវត្តណាមួយដែលមិនអើពើផលប្រយោជន៍របស់ខ្លួនឡើយ។

រដ្ឋាភិបាលរបស់ប្រទេសស្វីស បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិកម្រិតខ្ពស់ក្នុងខែមិថុនា ដើម្បីជួយរៀបចំផ្លូវឆ្ពោះទៅរកសន្តិភាពក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាងពីរឆ្នាំ ហើយបានសម្តែងក្តីសង្ឃឹមថារុស្ស៊ី អាចនឹងចូលរួមក្នុងដំណើរការសន្តិភាពនៅថ្ងៃណាមួយ។

លោក ពូទីន បានអះអាងថា រុស្ស៊ី មិនត្រូវបានគេអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សានៅខែមិថុនា នេះទេ ខណៈលើកឡើងពីការទទួលស្គាល់របស់ស្វីស ដែលថាដំណើរការសន្តិភាពមិនអាចកើតឡើងបានទេបើពុំមានវត្តមានរុស្ស៊ី។ រុស្ស៊ី បានច្រានចោលរូបមន្តសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskyy) ដែលតម្រូវឱ្យទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួន សងសំណងដល់អ៊ុយក្រែន និងប្រឈមមុខនឹងតុលាការអន្តរជាតិសម្រាប់សកម្មភាពរបស់ខ្លួន។
ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ជាមួយប្រធានាធិបតីបេឡារុស លោក អឡិចសាន់ឌ័រ លូកាសិនខូ (Alexander Lukashenko) នៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា រុស្ស៊ីបើកចំហសម្រាប់ការចរចា ប៉ុន្តែនឹងមិនទទួលយក «គម្រោងណាមួយដែលមិនពាក់ព័ន្ធនឹងការពិតទេ»៕