អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនីតិជនជាង ២៤០ លាននាក់កំពុងប្រឈមនឹងហានិភ័យពីលក្ខខណ្ឌដែលទាក់ទងនឹងរលកកម្ដៅនៅក្នុងតំបន់អាស៊ីបូព៌ា ដែលកំពុងរៀបចំសម្រាប់រដូវក្តៅជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុត។

លោកស្រី ដេបូរ៉ា ខូមីនី (Debora Comini) នាយកការិយាល័យប្រចាំតំបន់នៃមូលនិធិកុមារអង្គការសហប្រជាជាតិសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបាននិយាយថា «កុមារងាយរងគ្រោះជាងមនុស្សពេញវ័យចំពោះផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ហើយកម្ដៅខ្លាំងពេកគឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់ពួកគេ»។
ស្ថាប័នអង្គការសហប្រជាជាតិ ព្រមានអំពីរលកកម្ដៅកាន់តែខ្លាំង និងញឹកញាប់ក្នុងរដូវក្តៅនេះនៅក្នុងតំបន់ ហើយបាននិយាយថា ខ្លួនមានការព្រួយបារម្ភដោយសារកម្រិតសំណើមខ្ពស់ធ្វើឱ្យរាងកាយពិបាកចុះត្រជាក់តាមធម្មជាតិដើម្បីទប់ទល់នឹងកម្ដៅដ៏ក្ដៅគគុកនេះ។

ការព្រមាននេះកើតឡើងស្របពេលដែលសីតុណ្ហភាពខ្ពស់ក្នុងតំបន់កំពុងកើតមាន ហើយបានបង្ខំឱ្យប្រទេសមួយចំនួនដូចជាហ្វីលីពីន ចាត់វិធានការបន្ទាន់ដូចជាថ្នាក់រៀនត្រូវបានផ្អាកក្នុងសប្តាហ៍នេះនៅតាមសាលារៀនរាប់រយកន្លែង ហើយថៃ បានចេញការជូនដំណឹងពីរលកកម្ដៅនៅភាគខាងជើងរបស់ប្រទេស។
ខែមេសា និងឧសភា ដែលជាខែមុនការមកដល់នៃខ្យល់មូសុង គឺជាខែក្តៅបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានទទួលរងនូវសីតុណ្ហភាពខ្ពស់ជាងមុន ដោយសារតែបាតុភូតធម្មជាតិ អ៊ែលនីញ៉ូ (El Nino) ដែលបានបន្ថែមការឡើងកម្ដៅផែនដី និងបណ្តាលឱ្យមានវិបត្តិអាកាសធាតុ៕