បណ្តាវត្តអារាមមួយចំនួនធំ នៅក្នុងខេត្តកណ្តាល បានរៀបចំសម្អាតបរិវេណវត្តធ្វើកម្មវិធីសង្ក្រាន្តនៅក្នុងវត្ត ហើយរួចរាល់ ដើម្បីទទួលប្រជាពុទ្ធបរិស័ទមកធ្វើបុណ្យដាក់ទានផង និងបង្កលក្ខណៈសប្បាយរីករាយជូនបណ្តាប្រជាពលរដ្ឋ យុវជន យុវនារី ទេសចរជាតិ អន្តរជាតិ ចូលមកទស្សនា រាំ លេងល្បែងកម្សាន្តប្រជាប្រីយ៍នានា អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

បើតាមព្រះសង្ឃ និងតាអាចារ្យ នៃវត្តអង្គរជ័យ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល មានថេរដីកា នៅថ្ងៃទី១២ ខែមេសានេះថា មកដល់ព្រឹកថ្ងៃនេះ វត្តអង្គរជ័យ រៀបចំទីតាំងពូនភ្នំខ្សាច់ ទីតាំងបង្សុកូល រៀបចំទីតាំងប្រារព្ធកម្មវិធីសង្ក្រាន្តវត្ត ទីតាំងលេងល្បែងកម្សាន្ត និងសួនផ្កា សួនទឹកអស់ហើយ ហើយរងចាំថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឈានចូលមកដល់នៅថ្ងៃស្អែក និងអំពាវនាវដល់ពុទ្ធបរិស័ទ និងយុវជន យុវនារី ក្នុងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្តឲ្យបានច្រើនកុះករ ដើម្បីញ៉ាំងឲ្យកម្មវិធីសង្ក្រាន្តតាមវត្តមានភាពសប្បាយរីករាយ និងរក្សាបាននូវការគាំទ្រ និងការអភិរក្សវប្បធម៌ខ្មែរឲ្យរីកចម្រើន។

បើតាមក្រុមអាជីវករ និងទេសចរជាតិ ថ្លែងថា នៅក្នុងឆ្នាំនេះ គ្រប់វត្តអារាមទាំងអស់សុទ្ធតែរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី ដើម្បីទទួលពុទ្ធបរិស័ទធ្វើបុណ្យ បង្សកូលផង និងការបង្កើតកម្មវិធីលេងល្បែងកម្សាន្ត លើកតម្កើងតម្លៃវប្បធម៌ខ្មែរផង ហើយការដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរឆ្នាំនេះ គឺគេនាំគ្នាទៅលេងកម្សាន្តវត្តអង្គរជ័យ និងបណ្តាវត្តនានាទៀតដែលមានរៀបចំកម្មវិធីសង្ក្រាន្តធំៗ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ព.ស ២៥៦៧ គ.ស២០២៤ ដែលនឹងព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសានេះ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និងសាសនារាជធានី ខេត្តទាំងអស់ សហការជាមួយមន្ត្រីសង្ឃ ព្រះអធិការតាមវត្តអារ៉ាម រៀបចំតុបតែង សម្អាតវត្តចងទង់ជាតិ ទង់សាសនា រៀបចំពិធីបុណ្យសាសនា ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជា ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពសគន្ធវារី រៀបចំពិធីបង្សុកូល និងរៀបចំលេងល្បែងប្រជាប្រិយ ក្នុងវត្តអារាមដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ និងការច្រៀង រាំវង់ រាំក្បាច់សារ៉ាវ៉ាន់ ឡាំលាវ ឆៃយ៉ាំជាដើម និងហាមលេងប៉ាតម្សៅ ធ្យូង បាញ់ទឹក ល្បែងស៊ីសង និងគ្រឿងផ្ទុះនានា៕ អត្ថបទ៖ ស៊ុម សុខជា




