ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ហៅកាត់ថា (គ.ជ.ស.ស) នឹងធ្វើការ ផ្លាស់ប្ដូរទីតាំងបញ្ជាការដ្ឋានជួរមុខរបស់ខ្លួន ដោយចាកចេញពីមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា ទៅនៅលើកោះព្រាប ប៉ុន្តែមូលដ្ឋានចាស់ដែលជាជំនួយរបស់អាមេរិក និងអូស្ត្រាលី រក្សាទុកដដែល។
យោងតាមសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលបានចេញនៅ ថ្ងៃទី៥ ខែតុលា នេះ ការសម្រេចផ្លាស់ប្តូរទីតាំងថ្មី របស់បញ្ជាការដ្ឋានជួរមុខ របស់ខ្លួន គឺដោយសារតែមូលដ្ឋានចាស់ មានលក្ខណៈតូចចង្អៀត ហើយមានការលំបាកក្នុងការគ្រប់គ្រងផ្នែកសន្តិសុខចេញចូល និងលំបាកក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត រួមទាំងលំបាកក្នុងការសំចតនាវា របស់អន្តរជាតិ ដែល ចង់ចតនៅទីនោះផងដែរ។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា «ទីតាំងបញ្ជាការដ្ឋានជួរមុខបច្ចុប្បន្ន ស្នាក់អាស្រ័យក្នុង បរិវេណមូលដ្ឋានកងទ័ពជើងទឹក មានទំហំតូច ធ្វើឱ្យប្រសិទ្ធភាព នៃកិច្ចប្រតិបត្តិការចម្រុះស្ថាប័ន មាន កម្រិត និងជួបការលំបាក។ បញ្ជាការដ្ឋានជួរមុខ ត្រូវការចាំបាច់នូវទីតាំងសមស្របមួយ ដែលប្រកបដោយ ភាពឯករាជ្យ ក្នុងឋានៈស្ថាប័នជាតិ ងាយស្រួលក្នុងការចេញប្រតិបត្តិការ ការធ្វើអន្តរាគមន៍ និងការជួយ សង្គ្រោះជាដើម។ លើសពីនេះទៀត បញ្ជាការដ្ឋានជួរមុខ ត្រូវការពង្រីក និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ទាំងក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាព នៃប្រតិបត្តិការ ដែលកិច្ចការនេះ កន្លែងចាស់ ពុំអាចធ្វើ បាននោះឡើយ»។
គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជាក់ទៀតថា ទីតាំងថ្មី នៅលើកោះព្រាប មានទំ ហំធំ និងចំនួនអគារច្រើនជាងមុន តែមិនឱ្យមានការបាត់បង់សមិទ្ធផល ដែលប្រទេសជាដៃគូបានផ្តល់ឱ្យ នោះទេ។ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រកាសជាឱឡារិកថា ខ្លួននៅតែប្រកាន់ជំហរ យ៉ាងម៉ឺងម៉ាត់ នៅក្នុងស្មារតី នៃការរក្សា និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបណ្តាប្រទេស ជាដៃគូទាំងអស់ ប្រកបដោយតម្លាភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងនៅតែស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះការចូលរួមពីសំណាក់ដៃគូអន្តរជាតិនានា ដើម្បីបង្កើនសមត្ថភាពផ្នែកប្រតិបត្តិ ការ របស់ទីបញ្ជាការដ្ឋានជួរមុខ តទៅអនាគត៕
អត្ថបទ៖ បាន ចក់
