ទីប្រឹក្សាសេតវិមានមួយរូបបាននិយាយថា គ្មានហេតុផល ដែលប្រទេសចិន ត្រូវមានប្រតិកម្មជ្រុលហួសហេតុ ចំពោះសកម្មភាពល្បាតដែនសមុទ្ររួមគ្នាដោយសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងប្រទេសហ្វីលីពីននោះទេ ។

ទីប្រឹក្សាផ្នែកទំនាក់ទំនងសន្តិសុខជាតិ លោក John Kirby ត្រូវបានដកស្រង់សម្ដីដោយនិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ បញ្ចេញដោយការិយាល័យទំនាក់ទំនងរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ថា នេះគឺនិយាយពីសេរីភាពនៃការធ្វើនាវាចរណ៍ដែនសមុទ្រ ។នេះគឺជា ការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ។ នេះគឺជាការផ្ដុំចំណុចសាមញ្ញ ដែលយើង និងសម្ព័ន្ធមិត្ត នឹងហោះហើរ បើកបរលើសមុទ្រ និងធ្វើប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិ អនុញ្ញាតឲ្យយើងធ្វើ ហើយ យើងធ្វើនៅក្នុងសមុទ្រចិនខាងត្បូង យើងក៏បានធ្វើរួចមកហើយ ។

លោក Marcos ដែលបានអះអាងសិទ្ធិគ្រប់គ្រងរបស់ប្រទេសលោកនៅក្នុងផ្លូវទឹកដ៏សំខាន់ បានជួបទល់មុខគ្នារួចមកហើយកាលពីថ្ងៃព្រហស្បតិ៍ទី១១មេសាសប្ដាហ៍នេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយ លោកប្រធានាធិបតីអាមេរិក Joe Biden និង លោកនាយករដ្ឋមន្ត្រីហ្វីលីពីន Fumio Kishida ខណៈសហរដ្ឋអាមេរិក ពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្ដាសម្ព័ន្ធមិត្តនៅអាស៊ី។

ក្នុងជំនួបនោះ លោកប្រធានាធិបតី ក៏បាននិយាយផងដែរថា អាមេរិក នឹងការពារហ្វីលីពីន ប្រសិនបើនាវារងការវាយប្រហារ។
គួររម្លឹកថា កាលពីថ្ងៃទី៧ មេសា មុនជំនួប ប្រជុំត្រីភាគី សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងហ្វីលីពីន បានធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងប៉េកាំង បានអះអាងសិទ្ធិគ្រប់គ្រងភាគច្រើន។យោធារបស់ចិន ក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹក និងអាកាសនៅក្នុងសមុទ្រខាងត្បូងផងដែរ៕