មនុស្សកាន់តែច្រើន ដែលភ័យខ្លាចការវាយប្រហារតាមអាកាស បានមកតម្រង់ជួរនៅច្រកព្រំដែនដើម្បីភៀសខ្លួនចេញពីសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីទីក្រុង Myawaddy សំខាន់ជាយុទ្ធសាស្ត្រនៅជិតប្រទេសថៃ បានដួលរលំដោយសារការតស៊ូប្រឆាំងរបបយោធាដែលកំពុងទទួលបានភាពរឹងមាំ។

អ្នកវិភាគ និយាយថា ការបាត់បង់ទីក្រុងនេះ ក្រុមឧទ្ទាមបានដណ្តើមពីរបបយោធាដែលបានរកមធ្យោបាយដោះស្រាយបញ្ហាសេដ្ឋកិច្ចពីការធ្លាក់ចុះ នៃប្រាក់ចំណូលដ៏សំខាន់ពីពាណិជ្ជកម្មនៅតាមព្រំដែន ខណៈក្រុមឧទ្ទាមដ៏រឹងមាំ ដូចជាសហភាពជាតិ Karen (KNU) បានដឹកនាំការវាយលុកមកលើទីក្រុង Myawaddy ។

នាង ម៉ូ ថេតសាន ជាពលរដ្ឋ ទីក្រុង Myawaddy ដែលបានឆ្លងព្រំដែនទៅប្រទេសថៃជាមួយកូនប្រុសមានអាយុប្រហែលប្រាំឆ្នាំ បាននិយាយថា នាងខ្លាចការវាយប្រហារតាមអាកាស។
អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាថា ទាហានរបស់ខ្លួនមួយចំនួន បានចុះចាញ់ ដោយសារតែពួកគេមានក្រុមគ្រួសារជាមួយ ។
សហភាពមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងស្ថានភាពចលាចលចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលយោធាមានឥទ្ធិពល បានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត បង្កឱ្យមានការតវ៉ារាលដាល ដែលរបបនេះព្យាយាមបង្ក្រាបធ្វើឡើងដោយកម្លាំងដ៏ឃោរឃៅ។
ការផ្ទុះកំហឹងប្រឆាំងរបបយោធា បានប្រែក្លាយទៅជាចលនាតស៊ូប្រដាប់អាវុធនៅទូទាំងសហភាពនេះ ដែលបច្ចុប្បន្នកំពុងមានប្រតិបត្តិការកាន់តែខ្លាំងឡើង ក្នុងការសម្របសម្រួលជាមួយក្រុមឧទ្ទាមជនជាតិភាគតិចដែលត្រូវបានបង្កើតឡើង ដើម្បីប្រជែងជាមួយយោធានៅទូទាំងផ្នែកធំរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។

បុគ្គលិកយោធាមីយ៉ាន់ម៉ាប្រមាណ២០០នាក់ បានដកខ្លួនចេញកាលពីថ្ងៃព្រហស្បតិ៍ ទៅកាន់ស្ពានមួយកន្លែងតភ្ជាប់ទៅកាន់តំបន់ Mae Sot បន្ទាប់ពីសហភាពជាតិ Karen (KNU) បាននិយាយថាខ្លួនបានចូលគ្រប់គ្រងទីក្រុង Myawaddy ។