
កងទ័ពជើងទឹករបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃសុក្រ (១២ មេសា) នេះថា ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលបានគ្រោងទុកជាយូរមកហើយ ពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះអាមេរិក ដើម្បីធានាការត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង។
កូរ៉េខាងជើង បាននឹងកំពុងពន្លឿនការអភិវឌ្ឍន៍សព្វាវុធ សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងដើរដោយឥន្ធនៈរឹងកាលពីសប្តាហ៍មុន ហើយមេដឹកនាំលោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃពុធថា ឥឡូវនេះគឺជាពេលវេលាដើម្បីត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាមជាងពេលណាៗទាំងអស់ ដោយលើកឡើងពីស្ថានភាពភូមិសាស្ត្រនយោបាយមិនស្ថិតស្ថេរ។
សមយុទ្ធរយៈពេលពីរថ្ងៃ ដែលធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិរវាងកូរ៉េខាងត្បូង និងជប៉ុននេះបានចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍។ កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយថា ការហ្វឹកហ្វឺនមានគោលបំណងបង្កើនសមត្ថភាពរួមរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង អនុវត្តតាមផែនការសមយុទ្ធរួមរយៈពេលជាច្រើនឆ្នាំដែលបានបង្កើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគីកាលពីឆ្នាំមុន។
ក្រសួងការពារជាតិក្រុងសេអ៊ូល បាននិយាយថា នៅទីក្រុងវ៉ាស៊ីនតោន ក្រុមមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាការពារជាតិប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ឡើងវិញនូវផែនការសម្រាប់សមយុទ្ធឆ្លើយតបក្នុងគ្រាអាសន្ន ដែលនិមិត្តការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅក្នុងសមយុទ្ធនៅរដូវក្តៅខាងមុខនេះ៕