សៀមរាប ៖ មន្ដ្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ បានណែនំាដល់អាជ្ញាធរមូលដ្ឋាន នៅស្រុកអង្គរធំ ខេត្ដសៀមរាប បំផុសឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ឲ្យបានគ្រប់ៗ ដើម្បីបង្ការការពារជំងឺកូវីដ១៩ ខណៈដែលជំងឺកូវីដ១៩នេះ បាននឹងកំពុងរីករាលដាលចូលក្នុងសហគមន៍កាន់តែខ្ពស់។
ការណែនាំនេះ ធ្វើឡើងក្នុងគ្រាដែលមន្ដ្រីជាន់ខ្ពស់រូបនោះ និងក្រុមការងារចុះជួយមូលដ្ឋាន ប្រគេនទានព្រះវស្សា ដល់ព្រះសង្ឃចំនួន៩វត្ដ នៅស្រុកអង្គរធំខេត្ដសៀមរាបកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។
ឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមចាក់វ៉ាកសាំង នៅស្រុកអង្គរធំខេត្ដសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនគួរកត់សម្គាល់ផងដែរ ជាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធា ដូចដែលយើងទាំងអស់គ្នាបាននិងកំពុងរៀបចំពិធីប្រគេនទៀនវស្សាដល់ព្រះសង្ឃចំនួន៩វត្ដនាថ្ងៃនេះ។
ឯកឧត្ដម បានបន្ដថា ក្នុងពេលវិបត្ដិជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលខិតខំបំរើប្រជាពលរដ្ឋដោយដៃម្ខាងធ្វើការអភិវឌ្ឍ និងដៃម្ខាងគិតពីសុខភាពរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងនាពេលនេះ រាជរដ្ឋាភិបាល បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ព្រះសង្ឃដោយមិនគិតថ្លៃរាប់ទាំងជនបរទេសផងដែរ។
ឯកឧត្ដម ស ថាវី បានបន្ដថា ការផ្ដល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ គឺត្រូវធ្វើឲ្យបានគ្រប់គ្នាលើកលែងស្ដ្រីមានផ្ទៃពោះ ឬមានសុខភាពមិនល្អធ្ងន់ធ្ងរប៉ុណ្ណោះ។ឯកឧត្ដម បានណែនាំ និងអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ឲ្យបំផុសដល់ប្រជាអលរដ្ឋទៅចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ទាំងដូសទី១និងដូសទី២ ។
ជាមួយគ្នានោះ ក្រុមការងារចុះការចាក់វ៉ាក់សំាង មកពីតាមស្ថាប័នផ្សេងៗ ត្រូវពន្យល់ដល់ពួកគាត់កុំឱ្យមានការភិតភ័យ ចំពោះការដែលក្រុមគ្រូពេទ្យដល់វ៉ាក់សាំងដល់ពួកគាត់ ព្រោះថា ការផ្ដល់វ៉ាក់សាំងដើម្បីសហគមន៍គ្មានការឆ្លងជំងឺកូវីដ១៩។
នាឱកាសនោះ ឯកឧត្ដម ស ថាវី និងក្រុមការងារចុះជួយមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ខៀវ ឆេន នាយកខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ បាននាំយកទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅប្រគេនព្រះសង្ឃចំនួន៩វត្ត នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រួល សម្រាប់ព្រះសង្ឃនៅពេលកាន់ព្រះវស្សា។
ឯកឧត្តម ស ថាវី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឲ្យបាន ខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពនូវវិធានការរបស់រាជរដ្ឋាភិបាល “៣ការពារ ៣កុំ ដើម្បីរួមចំណែកក្នុងការបញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩ទាំងស្រុង នៅក្នុងប្រទេសកម្ពុជាយើងឲ្យបានកាន់តែឆាប់៕
អត្ថបទ ឈិត សាវី




