
ប្រភពពីអ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់បានផ្តល់សញ្ញាដល់ទីក្រុងវ៉ាស៊ីនតោន ថាខ្លួននឹងឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើស្ថានទូតស៊ីរី របស់ខ្លួនក្នុងវិធីមួយដែលមានគោលបំណងជៀសវាងការកើនឡើងនៃភាពតានតឹងកាន់តែធំ ហើយនឹងមិនធ្វើសកម្មភាពប្រញាប់ប្រញាល់ពេកទេ ខណៈដែលទីក្រុងតេអេរ៉ង់ ដាក់សម្ពាធលើការទាមទារជាច្រើន រួមទាំងបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
ប្រភពនោះនិយាយថា សាររបស់អ៊ីរ៉ង់ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នេះត្រូវបានបញ្ជូនដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀ អាឌូលឡាហៀន (Hossein Amirabdollahian) ក្នុងអំឡុងដំណើរទស្សនកិច្ចកាលពីថ្ងៃអាទិត្យ ទៅកាន់រដ្ឋឈូងសមុទ្រអារ៉ាប់ អូម៉ង់ ដែលជារឿយៗដើរតួជាអន្តរការីរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យសេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសារណាមួយពីប្រទេសអ៊ីរ៉ង់ ទេប៉ុន្តែបាននិយាយថា សហរដ្ឋអាមេរិក បានទំនាក់ទំនងទៅកាន់អ៊ីរ៉ង់ ថាខ្លួនមិនពាក់ព័ន្ធនឹងការវាយប្រហារលើស្ថានទូតនោះទេ។
ប្រភពដែលដឹងពីចារកម្មរបស់អាមេរិក មិនបានដឹងអំពីសារដែលបានបញ្ជូនតាមប្រទេសអូម៉ង់នេះទេ ប៉ុន្តែបាននិយាយថា អ៊ីរ៉ង់ «បានបញ្ជាក់ច្បាស់ណាស់» ថាការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារលើបរិវេណស្ថានទូតនៅក្រុងដាម៉ាស នឹងស្ថិតក្នុង «ការគ្រប់គ្រងបាន» និង «មិនបង្កើនជម្លោះទេ» ហើយគ្រោងនឹង « ប្រើក្រុមប្រយុទ្ធតំណាងប្រូកស៊ី (proxies) របស់ខ្លួនក្នុងតំបន់ដើម្បីបើកការវាយប្រហារមួយចំនួនលើអ៊ីស្រាអែល៕