ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាប្រធានសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពី «សេរីភាព ប្រជាធិបតេយ្យ អភិបាលកិច្ចល្អ» នៅសាធារណរដ្ឋកាប់វែរ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម ហ្សូហ្សេ ស៊ីលវ៉ា (José Ulisses Correia e Silva) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកាប់វែរ និងជាប្រធានសន្និសីទអន្តរជាតិនេះ។
ថ្លែងនៅក្នុងកិច្ចពិភាក្សាស្តីអំពីប្រជាធិបតេយ្យនិងនីតិរដ្ឋ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា កម្ពុជាប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានភាពរីកចម្រើន ចាស់ទុំ និងរស់រវើកនៅក្នុងតំបន់ ជាពិសេស អនុតំបន់ទន្លេមេគង្គ តាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់ដែលមានការចូលរួមសង្កេតការណ៍ពីស្ថាប័នអន្តរជាតិ ការប្រកាន់ខ្ជាប់នូវរបបសេដ្ឋកិច្ចទីផ្សារ ការលើកកម្ពស់សេរីភាពសារព័ត៌មាននៅក្នុងដំណើរការវិវត្តន៍នៃសង្គមឌីជីថល និងការអនុវត្តគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់។
តាមរយៈបទពិសោធន៍នៃការកសាងប្រទេសក្រោយវិបត្តិសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ ជាពិសេសការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន (នាយករដ្ឋមន្ត្រីអាណត្តិទី១-ទី៦) គុណតម្លៃសន្តិភាពនិងស្ថិរភាពនយោបាយ គឺជា បុរេលក្ខខណ្ឌនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកការកសាងនិងអភិវឌ្ឍសង្គមដែលមានភាពធន់និងវិបុលភាព។ គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវអាទិភាពគន្លឹះចំនួនប្រាំ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ស្របតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់លើជីវភាពប្រជាជនជាចម្បង នៅក្នុងដំណើរការកសាងនីតិរដ្ឋនិងប្រជាធិបតេយ្យ។ សិទ្ធិស្ត្រីនិងការចូលរួមរបស់យុវជន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់នៅក្នុងរដ្ឋបាលសាធារណៈ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ខេត្ត រាជធានី និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ហើយរដ្ឋសភាកម្ពុជាបច្ចុប្បន្ន ដឹកនាំដោយស្ត្រីគឺ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។
សន្និសីទខាងលើនេះ គឺជាវេទិកាប្រមូលផ្តុំដោយអ្នកនយោបាយ បញ្ញវន្ត និងអ្នកជំនាញនានាទូទាំងសកលលោក ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈនានា និងបានចេញសេចក្តីថ្លែងការណ៍ទីក្រុងសាល (កាប់វែរ) ដែលបានបញ្ជាក់សារជាថ្មីនិងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការការពារ និងការលើកកម្ពស់សិទ្ធិមនុស្សជាសកល ដែលជាមូលដ្ឋានគ្រឹះនៃសេចក្តីថ្លៃថ្នូររបស់មនុស្ស, ទទួលស្គាល់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសន្ទនាអន្តរវប្បធម៌ ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សេចក្តីថ្លែងការណ៍នេះក៏បានផ្តល់អាទិភាពក្នុងការពង្រឹងសាមគ្គីភាព និងភាពជាដៃគូក្នុងចំណោមប្រជាជននិងប្រទេសជុំវិញពិភពលោក និងធានាយុត្តិធម៌ សុខភាព ការអប់រំ និងឱកាសការងារ ដោយគ្មានការរើសអើង សង្កត់ធ្ងន់លើសារៈសំខាន់នៃសុចរិតភាពនៃសារព័ត៌មាន និងឯករាជ្យភាពរបស់រដ្ឋ, ទទួលស្គាល់បញ្ហាប្រឈមថ្មីនៃបដិវត្តន៍ឌីជីថល បច្ចេកវិទ្យាព័ត៌មាន សុវត្ថិភាពតាមអ៊ីនធឺណិត និងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម សួស យ៉ារ៉ា ក៏បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ្សូហ្សេ ស៊ីលវ៉ា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកាប់វែរ ដោយបានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជននិងប្រទេសទាំងពីរ ជាពិសេសការលើកកម្ពស់តួនាទីនិងសាមគ្គីភាពរវាងរដ្ឋអធិបតេយ្យក្នុងបរិបទនយោបាយអន្តរជាតិ នាពេលបច្ចុប្បន្ន និងបានពិគ្រោះយោបល់អំពីគំនិតផ្តួចផ្តើមសន្តិភាព ដែលមានភាពជាក់ស្តែង ងាយអនុវត្ត សម្រាប់តំបន់នីមួយៗស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ៕ ដោយ ៖ ដារ់ា




