
ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងប្រារព្ធខួបលើកទី១០ នៃគ្រោះមហន្តរាយលិចសាឡាង នៅថ្ងៃអង្គារ (ទី១៦ ខែមេសា) ដែលបានឆក់យកជីវិតមនុស្សជាង ៣០០នាក់ ភាគច្រើនជាក្មេងជំទង់ និងកុមារ។
សូមរំលឹកថា នាវាដឹកអ្នកដំណើរឈ្មោះ Sewol ដែលមិនមានសុវត្ថិភាពផ្នែករចនាសម្ព័ន្ធ ផ្ទុកលើសទម្ងន់ និងបើកលឿនពេកនៅពេលបត់ បានក្រឡាប់ និងលិច អំឡុងពេលធ្វើដំណើរតាមប្រក្រតី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤។
ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានក្មេងជំទង់ចំនួន ២៥០នាក់ កំពុងធ្វើដំណើរទៅសាលារៀន ដែលពួកគេភាគច្រើន បានគោរពតាមការណែនាំរបស់នាវិកឲ្យនៅតែក្នុងកាប៊ីនរបស់ពួកគេ ទោះបីជាសមាជិកនាវិកកំពុងគេចខ្លួនពីនាវាលិចនោះក៏ដោយ។
គួរបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងត្បូងបានបញ្ចប់ប្រតិបត្តិការស្រង់សាឡាងនោះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។ សាឡាងនោះបានលិចមួយចំហៀងក្នុងជម្រៅ ៤៤ម៉ែត្រ ហើយត្រូវបានទាញឡើង ដើម្បីស្វែងរកសពអ្នកដំណើរដែលបាត់ខ្លួននៅសល់ចំនួន ៩នាក់៕