កំពង់ឆ្នាំង ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រមាណជិត៩០០នាក់នឹងត្រូវដាក់ពង្រាយ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តបានបន្តទៀតថា៖ ក្នុងខេត្តកំពង់ឆ្នាំង មានគោលដៅប្រមាណ៥១គោលដៅនៅទូទាំងខេត្ត ដែលនឹងដាក់កម្លាំងនគរបាលនៃស្នងការដ្ឋាន និងកម្លាំងនគរបាលប៉ុស្តិ កម្លាំងនគរបាលអធិការដ្ឋាន ។ កម្លាំងទាំងនេះនឹងដាក់ឱ្យឈរជើងនៅតាមវត្តអារាមទាំងអស់នៅក្នុងខេត្ត គោលដៅកន្លែងកម្សាន្តសប្បាយផ្សេងៗ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាមនានា និងជួយអន្តរាគមន៍ភ្លាមៗពេលមានអគ្គីភ័យកើតឡើងផងដែរ ។ ចំពោះកម្លាំងដែលនឹងឈរតាមគោលដៅ នឹងត្រូវយកចិត្តទុកដាក់ចំពោះភារកិច្ច និងទទួលខុសត្រូវខ្ពស់លើការងារដឹកនាំបញ្ជាកម្លាំង ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឱ្យមានកើតបទល្មើសកើតឡើង ជាពិសេសធានាឱ្យបានក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា៖ កម្លាំងដែលឈរជើងការពារគោលដៅនានា និងកម្លាំងល្បាត ត្រូវទប់ស្កាត់សកម្មភាពបង្កការរំខានណាមួយ ដែលប៉ះពាល់ដល់ការកម្សាន្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារផងដែរ៕ ដោយ ៖ កាំង ហុងវាស្នា








