អូឡាំពិក៖ ផ្ដល់កិច្ចសម្ភាសន៍ពិសេសដល់ដៃគូ BTV News ពីប្រទេសជប៉ុននៅសណ្ឋាគារ ANA International ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយកបេសកកម្មប្រតិភូអូឡាំពិកកម្ពុជាមានប្រសាសន៍ថា អូឡាំពិកលើកនេះមានការខុសប្លែកពីអូឡាំពិកមុនៗ ដោយសារយើងត្រូវជម្នះ និងទប់ស្កាត់នូវឧបសគ្គជំងឺរាតត្បាតសកលកូវីដ-១៩។

ឯកឧត្ដមបន្តថា ព្រោះវាជាកាតព្វកិច្ច និងជាកិត្តិយសសម្រាប់ជាតិយើងទាំងមូល ក្នុងការចូលរួមក្នុងសហគមន៍កីឡាអូឡាំពិកអន្តរជាតិ ហើយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានជំរុញលើកទឹកចិត្តឱ្យចូលរួមរៀងរាល់ ៤ឆ្នាំម្តង។ ឯកឧត្តមនាយបេសកកម្មបន្ថែមទៀតថា ចំពោះទិដ្ឋភាពផ្ទាល់សង្កេតឃើញថា អត្តពលិកមកប្រទេសនានាមានការសប្បាយរីករាយ ដោយមិននឹកស្មានថា អូឡាំពិកលើកនេះអាចកើតឡើងផងក្នុងបរិបទពិភពលោកបែបនេះ។ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ២០២០ ដំណើរការប្រកួតពីថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី៨ ខែសីហា មានអត្តពលិកជាង ១០០០០នាក់មកពីជាង ២០០ប្រទេសចូលរួមប្រកួតលើ ៣៣ប្រភេទកីឡា។
ក្នុងនោះកម្ពុជាទទួលបានសិទ្ធិអនុគ្រោះ ដើម្បីបញ្ជូនកីឡាករ-កីឡាការិនី ៣រូបលើ ២ប្រភេទកីឡាចូលរួមប្រកួតរួមមានកីឡាហែលទឹក ២រូបគឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រសេរីដូចគ្នាហើយត្រូវប្រកួតថ្ងៃទី៣០ ខែកក្កដា និងកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ដោយត្រូវប្រកួតនាថ្ងៃទី៣១ ខែកក្កដាខាងមុខ៕
អត្ថបទ៖ គង់ ហួន