
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ (ទី១២ ខែមេសា) នេះ បានប្រាប់ថា វិបត្តិនៅក្នុងប្រទេសស៊ូដង់អាចកាន់តែអាក្រក់ទៅៗ ក្នុងប៉ុន្មានខែខាងមុខ ដោយសារការចែកចាយជំនួយមនុស្សធម៌ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត នៅតែមានការរឹតត្បិតដដែល។
គួរបញ្ជាក់ថា សង្គ្រាមបានផ្ទុះឡើងនៅស៊ូដង់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ដោយជម្លោះនេះបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ជំរុញឲ្យមានការព្រមានអំពីគ្រោះទុរ្ភិក្ស និងការធ្វើឲ្យប្រជាជនរាប់លាននាក់ផ្លាស់ទីជម្រក ទាំងនៅក្នុង និងក្រៅប្រទេស។
លើសពីនោះទៀត ភ្លើងសង្គ្រាមនេះបានឆក់យកជីវិតជនស៊ីវិលរាប់ពាន់នាក់ ទោះបីជាការប៉ាន់ស្មានពីចំនួនអ្នកស្លាប់មានភាពមិនច្បាស់លាស់ក៏ដោយ ហើយភាគីជម្លោះទាំង២ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
អ្នកនាំពាក្យរបស់ WHO លោក Christian Lindmeier បាននិយាយថា៖ «ពេលវេលាខើចទៅៗហើយ។ ប្រសិនបើមិនបញ្ឈប់ការប្រយុទ្ធ និងការរារាំងដល់លទ្ធភាពចូលផ្តល់ជំនួយមនុស្សធម៌ទេនោះ វិបត្តិរបស់ប្រទេសស៊ូដង់នឹងកាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយនិងអាចប៉ះពាល់ដល់តំបន់ទាំងមូល។ យើងត្រឹមតែឃើញវិបត្តិមួយជ្រុងតូចប៉ុណ្ណោះ ខណៈដែលស្ថានភាពអាចធ្ងន់ធ្ងរជាងនេះ»។
លោក Lindmeier បានបញ្ជាក់បន្ថែមថា មនុស្ស ១៥លាននាក់ កំពុងត្រូវការជំនួយផ្នែកសុខភាពជាបន្ទាន់ ហើយជំងឺផ្សេងៗ ដូចជាជំងឺអាសន្នរោគ គ្រុនចាញ់ និងគ្រុនឈាមជាដើម កំពុងរីករាលដាល។ លោកបានប្រាប់ថា ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តក្នុងប្រទេស ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ២៥ភាគរយនៃតម្រូវការ ហើយពី ៧០ ទៅ ៨០ភាគរយនៃកន្លែងថែទាំសុខភាពរបស់ស៊ូដង់ មិនដំណើរការនោះឡើយដោយសារតែជម្លោះនេះ៕