
រដ្ឋមន្ត្រីការបរទេសថៃ នៅថ្ងៃសុក្រ (១២ មេសា) បានប្រាប់ឲ្យដឹងថា ប្រទេសខ្លួនបានផ្ញើសារទៅកាន់របបយោធាមីយ៉ាន់ម៉ា ដើម្បីស្នើឲ្យកាត់បន្ថយអំពើហិង្សា ដោយបន្ថែមថា ការរៀបចំត្រៀមខ្លួនកំពុងប្រព្រឹត្តទៅ សម្រាប់លំហូរប្រជាជនឆ្លងចូលមកក្នុងប្រទេស បន្ទាប់ពីការដួលរលំទីក្រុងព្រំដែនមួយដោសារស្នាដៃរបស់ក្រុមឧទ្ទាម។
លោក Parnpree Bahiddha-Nukara (ប៉ានព្រី ផាក់ហិថាក់ណានុកន) បាននិយាយថា ប្រទេសថៃក៏កំពុងធ្វើការជាមួយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីអនុវត្តតាមផែនការសន្តិភាពដែលជាប់គាំង សម្រាប់មីយ៉ាន់ម៉ា ពោលគឺជាគ្រោងការត្រូវបានគេស្គាល់ថា ជាមតិឯកភាពប្រាំចំណុចរបស់ប្លុក។
លោក ប៉ានព្រី បានប្រាប់អ្នកសារព័ត៌មានថា «ថៃចង់ឃើញសន្តិភាព និងការសន្ទនាគ្នា» បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Mae Sot ដែលមានទីតាំងនៅជ្រុងម្ខាងនៃទីក្រុងរបស់សហភាពមីយ៉ាន់ម៉ា គឺទីក្រុង Myawaddy ដែលត្រូវបានវាយដណ្ដើមយកចេញពីការគ្រប់គ្រងរបស់យោធា ដោយកងកម្លាំងប្រឆាំងរបបយោធាដឹកនាំដោយក្រុមឧទ្ទាម គឺសម្ព័ន្ធជាតិការ៉ែន (KNU)។
រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្ថែមថា ប្រទេសថៃកំពុងពិចារណាលើផ្លូវពាណិជ្ជកម្មជំនួសផ្សេង ក្នុងករណីមានការបិទផ្លូវដែលបណ្តាលមកពីការប្រយុទ្ធគ្នានេះ។
នៅថ្ងៃសុក្រនេះ មនុស្សជាបន្តបន្ទាប់ដែលខ្លះភ័យខ្លាចពីការវាយប្រហារតាមអាកាស បានតម្រង់ជួរនៅច្រកព្រំដែន ដើម្បីភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា៕