
នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo នៅថ្ងៃសុក្រ (ទី១២ ខែមេសា) បាននិយាយថា រដ្ឋអាជ្ញាបែលហ្ស៊ិកកំពុងពិចារណាដល់ការជ្រៀតជ្រែកដែលអាចកើតមានរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប នាពេលខាងមុខ បន្ទាប់ពីមានការរកឃើញដែលផ្តល់ដោយសេវាស៊ើបការណ៍សម្ងាត់។
លោកបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ក្រុមរុស្ស៊ីកំពុងជ្រៀតជ្រែកក្នុងការបោះឆ្នោតអឺរ៉ុប ដើម្បីជួយជំរុញដល់បេក្ខជនដែលគាំទ្ររុស្ស៊ី ហើយបន្ទាប់មកធ្វើឲ្យចុះខ្សោយនូវការគាំទ្ររបស់អឺរ៉ុប ចំពោះអ៊ុយក្រែនដែលកំពុងទប់ទល់នឹងការលុកលុយរយៈពេល ២ឆ្នាំរបស់រុស្ស៊ី។
លោក De Croo បាននិយាយថា ការស៊ើបអង្កេតរបស់បែលហ្ស៊ិកត្រូវបានចាប់ផ្តើមបន្ទាប់ពីអាជ្ញាធរសាធារណរដ្ឋឆែកបានរកឃើញថា ភ្នាក់ងារគាំទ្ររុស្ស៊ីមានភាពសកម្ម នៅទីក្រុងប៊្រុចសែល ដែលកំពុងស្វែងរកការមានឥទ្ធិពល ហើយថែមទាំងបានបង់ប្រាក់ឲ្យសមាជិកសភាអឺរ៉ុប ដើម្បីផ្សព្វផ្សាយរបៀបវារៈដែលគាំទ្ររុស្ស៊ីទៀតផង។ តែលោកបានប្រាប់បន្ថែមថា ការបង់សាច់ប្រាក់ហាក់ដូចជាមិនត្រូវបានធ្វើឡើងនៅក្នុងប្រទេសបែលហ្ស៊ិកនោះទេ ទោះបីជាមានការជ្រៀតជ្រែកបានកើតឡើងនៅទីនោះក៏ដោយ។
បណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់ប្រតិបត្តិកររុស្ស៊ីម្តងហើយម្តងទៀតថា បានប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធអ៊ីនធឺណិត ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភ័ន្ត ដើម្បីមូលបង្កាច់ពួកគេ លើកកម្ពស់រុស្ស៊ី ឬប៉ុនប៉ងបំភ័ន្តមតិសាធារណៈពីយុទ្ធនាការបោះឆ្នោត។ អាជ្ញាធររុស្ស៊ីបានបដិសេធដដែលៗ ចំពោះការចោទប្រកាន់នេះ៕