បាល់ទាត់៖ ក្រុមបាតតារាងសូលទីឡូអង្គរបានទទួល ១ពិន្ទុដំបូងក្នុងរដូវកាលថ្មីនៃលីគកំពូលកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក អ៊ុក សុធី បន្ទាប់ពីប្រកួតស្មើក្រុមខ្លាំងណាហ្គាវើលដ៏ដោយលទ្ធផល ៣-៣ ក្នុងជំនួបសប្ដាហ៍ទី១០ នៅកីឡដ្ឋាន SRU ខេត្តសៀមរាបកាលពីចុងសប្ដាហ៍កន្លងទៅ។

ជំនួបដ៏ភ្ញាក់ផ្អើល ដែលអ្នកគាំទ្ររំពឹងក្រុមណាហ្គាវើលដ៏នឹងទទួលបាន ៣ពិន្ទុមកផ្ទះវិញនេះ ត្រូវបានក្រុមសូលទីឡូអង្គរបើកនាំមុខ ២-០ នៅវគ្គទី១ ដោយកីឡាករ ណង វីលីគ នៅនាទីទី៤ និងកីឡាករ រដ្ឋ សំណាង នៅនាទី២៨ មុនត្រូវបានកីឡាករ គួច សុកុម្ភៈ វាយបកបាន ១គ្រាប់វិញនៅដើមវគ្គទី២ ក្នុងនាទី៤៨។ ប៉ុន្តែ ១០នាទីក្រោយការវាយបកបាន ១គ្រាប់របស់ក្រុមភ្ញៀវ កីឡាករ ណង វីលីក របស់សូលទីឡូអង្គរដដែលបានបន្ថែម ១គ្រាប់ទៀតនៅនាទី៥៩ ដែលនាំឲ្យក្រុមលោក មាស ចាន់ណា បង្កើនការវាយសម្រុកកាន់តែខ្លាំងរហូតតាមស្មើ ដោយគ្រាប់ទី២ ធ្វើសម្រេចដោយកីឡាករ ណុប តុលា នៅនាទី៧៣ និងគ្រាប់ទី៣ រកបានដោយកីឡាករ នេន សុធារ័ត្ន នៅនាទី៩០+៤។
ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះបានធ្វើឲ្យក្រុមសូលទីឡូអង្គរស្គាល់ពិន្ទុដំបូង ពិសេសក្រោមការដឹកនាំរបស់លោក អ៊ុក សុធី គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាបន្ទាប់ពីឆ្លងកាត់ការប្រកួតសរុប ៩លើកស្មើ ១ និងចាញ់ ៨ គ្រាដែលក្រុមណាហ្គាវើលដ៏បានធ្លាក់មកឈរលេខ៤ បណ្ដោះអាសន្នដោយមាន ១៨ពិន្ទុក្នុងដៃបន្ទាប់ពីឆ្លងកាត់ ៩ប្រកួតឈ្នះ៥ ស្មើ៣ និងចាញ់១៕
អត្ថបទ៖ លី ឈុនឡា