នៅថ្ងៃចូលឆ្នាំទី១ ជាថ្ងៃមហាសង្ក្រាន្ត ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទបាននាំយកចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃនៅតាមបណ្ដាវត្តអារាមនានា ដែលនេះគឺជាទំនៀមទំលាប់ប្រពៃណីដែលត្រូវបានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងបុរាណកាលមកទល់បច្ចុប្បន្ន។
សម្រាប់ថ្ងៃមហាសង្ក្រាន្តនេះ នៅវត្តគល់ទទឹង ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏មានវត្តមាន ប្រជាពលរដ្ឋពុទ្ធបរិស័ទជាច្រើនបាននាំយកចង្ហាន់ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃផងដែរ។ ភាគច្រើន ពលរដ្ឋបានអញ្ជើញទៅធ្វើបុណ្យនារដូវលកាលចូលឆ្នាំនេះជាលក្ខណៈគ្រួសារ ដោយម្នាក់ៗបង្ហាញនូវទឹកមុខសប្បាយរីករាយ។ ក្រោយចេញពីវត្តអារាម ក្រុមគ្រួសារមួយចំនួនក៏មានគម្រោងដើរកម្សាន្តតាមទីរម្មណីយដ្ឋាននានា ជាពិសេសទៅគោលដៅវត្តភ្នំ ដែលរៀបចំកម្មវិធីសង្ក្រាន្ត សម្រាប់អ្នករស់នៅរាជធានីភ្នំពេញ។
ក្នុងឱកាសយកចង្ហាន់ និងទេយ្យទានទៅវត្តធ្វើបុណ្យនេះ ប្រជាពរដ្ឋមានទឹកមុខសប្បាយរីករាយនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលនេះ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋក៏បានបួងសួងសុំសេចក្ដីសុខ និងជូនពរដល់ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេចក្ដីសុខក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិផងដែរ។
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃចាប់ផ្ដើមពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងឱកាសនេះប្រជាពលរដ្ឋខ្មែរក្រៅពីទៅជួបជុំគ្រួសារសាច់ញាតិ ដើម្បីធ្វើបុណ្យ សន្សំកុសល និងឧទ្ទិសកុសលជូនដល់បុព្វការីជនប្រជាពលរដ្ឋក៏តែងតែដើរលេងកម្សាន្តទៅតាមតំបន់រម្មណីយដ្ឋាននានានៅក្នុងប្រទេសកម្ពុជាផងដែរ ក្រោយពួកគេបានខិតខំបំពេញការងារអស់រយៈពេល១ឆ្នាំកន្លងផុតទៅ៕ អត្ថបទ៖ គឹមហុក