ប្រជាពលដ្ឋរាប់ពាន់នាក់ បាននាំគ្នាទៅលេងសងង្ក្រាន្តឆ្នាំថ្មី ដែលបានរៀបចំឡើងនៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលរដ្ឋបាលខេត្តបានរៀបចំ «សេសានសង្ក្រាន្ត» ដើម្បីអបអរសាទរ និងផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង សកម្មភាពនៅតាមលំនៅឋានបងប្អូនប្រជាពលរដ្ឋ និងតាមបណ្តាក្រុង ស្រុក និងតាមមន្ទីស្ថាប័នរដ្ឋ និងឯកជននានា បានរៀបចំសម្អាត តុបតែងយ៉ាងស្រស់ស្អាត មានភ្លើងពណ៌ ផ្កាភ្ញី ធ្វើសង្ក្រាន្ត ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី ក៏ដូចជាទទួលភ្ញៀវទេសចរដែលមកលេងកម្សាន្តផងដែរ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ រដ្ឋបាលស្រុកសេសានបានរៀបចំ «សេសានសង្គ្រាន្ត» ដោយធ្វើឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញជាអធិបតី របស់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនិងលោកជំទាវ ,ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តនិងលោកជំទាវ និងមានការចូលរួមពីសំណាក់ក្រុមការងារសសយក កងកម្លាំងប្រដាប់អាវុធ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើកុះករ។
លោកអភិបាលស្រុកសេសានបានបន្តថាព្រឹត្តិការណ៍សង្ក្រាន គឺជាព្រឹត្តិការណ៍ត្រៀមសម្រាប់អបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែល និងឈានចូលមកដល់នៅថ្ងៃយប់ថ្ងៃទី១៣ខែមេសា២០២៤នេះ ហើយព្រឹត្តិការសង្ក្រាននេះមិនមែនធ្វើតែក្នុងទឹកដីឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងនោះទេ គឺបានធ្វើនៅទូទាំងខេត្តស្ទឹងត្រែងមាន ២៦ គោលដៅដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាននេះផងដែរ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ធ្វើឡើងសំដៅក្នុងការរក្សានូវអត្តសញ្ញាណប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ និងបង្ហាញនូវស្នាដៃក៏ដូចជាសមិទ្ធផលថ្មីៗដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាពិសេស គឺការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីសាមគ្គីភាពគ្នាឯកភាពគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរ។
ឯកឧត្តមសង្កត់ធ្ងន់ថា រាល់អ្វីដែលបានកើតឡើងនាពេលនេះ ដូចជាការរៀបចំសង្ក្រាន្ត ការដាក់តាំងផលិតផលសហគមន៍ ឱ្យភ្ញៀវជាតិអន្តរជាតិបានមើលឃើញ គឺកើតឡើងពីតម្លៃនៃសន្តិភាព ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពអ្វីទាំងអស់គឺមិនអាចរៀបចំឡើងបានឡើយ ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នាការពារនូវសន្តិភាពឲ្យនៅស្ថិតស្ថរគង់វង់ទោះជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ៕ អត្ថបទ៖ មាស ផល្លា
