តាមការគ្រោងទុក រដ្ឋបាលសាលាខេត្តកណ្តាល នឹងប្រារព្ធពិធីបើកកម្មវិធីសង្ក្រាន្តឆ្នាំថ្មី សម្រាប់ខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ នាល្ងាចថ្ងៃទី១៣ ខែមេសានេះ ។
លោក កង វណ្ណា អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល បានថ្លែងថា មកដល់ថ្ងៃនេះដែរ គ្រប់ទីតាំងរៀបចំប្រារព្ធកម្មវិធីសង្ក្រាន្តខេត្តកណ្តាល គឺបានរៀបចំរួចរាល់តាមការគ្រោងទុក នៅសួនមាត់ទន្លេក្រុងតាខ្មៅ ដែលមានដូចជា រូបសំណាកនាគរាជ តំណាងឆ្នាំរោង គោមប្រទីពបណ្តែតលើផ្ទៃទឹក គោមហោះពេលយប់ ទីតាំងប្រគំតន្ត្រីស្គរដីបុរាណ ទីតាំងប្រគំតន្ត្រីសម័យ ស្តង់តាំងពិពិរណ៍ ទីតាំងសម្តែងសិល្បៈបុរាណ សម័យ អមនឹងកម្មវិធី ច្រៀងរាំ លេងល្បែងកម្សាន្តជាច្រើន និងសូមអំពាវនាវពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ អញ្ជើញចូលរួមកម្សាន្តសប្បាយទាំងអស់គ្នា។

មន្ត្រីស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដែរថា នៅក្នុងឱកាសនេះដែរ គណៈបញ្ជាការខេត្ត បានប្រើប្រាស់កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១០០០ នាក់ ដើម្បីធ្វើការជួយសម្របសម្រួលការពារសន្តិសុខ សណ្តាប់ធ្នាប់ សំរួលចរាចរណ៍ធ្វើដំណើរ ទាំងនៅក្នុងបរិវេណ និងក្រៅបរិវេណទីតាំងប្រារព្ធកម្មវិធីសង្ក្រាន្ត។

តាមកម្មវិធីគ្រោងទុក នៅពេលវេលាម៉ោង៣រសៀលនេះ រដ្ឋបាលខេត្តកណ្តាល នឹងផ្តើមធ្វើពិធីក្រុងពាលី សុំសេចក្តីសុខ សូត្រមន្តលើករាសី សម្តែងសិល្បៈបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល ហើយរហូតដល់យប់ម៉ោង៧និង៣០នាទី នឹងធ្វើពិធីបណ្តែតប្រទីព ប្រមាណជិត១០០០ប្រទីព ហោះគោម បាញ់កាំជ្រួច លើផ្ទៃទន្លេបាសាក់ អមដោយការទស្សនារាំវង់ តន្ត្រីស្គរដី តន្ត្រីសម័យ និងធ្វើពិធីទទួលទេវតាឆ្នាថ្មី នៅវេលាម៉ោង១០ និង១៧នាទី។

ពាក់ព័ន្ធនឹងការរៀបចំសង្ក្រាន្តនៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅនេះដែរ បណ្តាពលរដ្ឋ ថ្លែងពីភាពប្លែកភ្នែកអស្ចារ្យ ចំពោះទិដ្ឋភាពរៀបចំតុបតែងលម្អភ្លើង ឆាកប្រគំតន្ត្រីបុរាណ ឆាកសម្តែងសិល្បៈបុរាណ សម័យ អមដោយមានលេងល្បែងកម្សាន្តប្រជាប្រីយ៍ ធ្វើឲ្យព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល មានការរីកចម្រើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

សូមជម្រាបថានៅ ថ្ងៃទី១៤ ខែមេសានេះស្អែកនេះ កម្មវិធីសង្រ្កាន្តខេត្តកណ្តាល នឹងប្រព្រឹត្តិទៅតាមកម្មវិធីគ្រោងទុក ដូចជាចាប់ពីម៉ោង ៨ ម៉ោងព្រឹក រហូតដល់យប់ នឹងមានរៀបចំកម្មវិធីបញ្ជ្រៀបការផ្សព្វផ្សាយបរិស្ថាន អនាម័យស្អាត អប់រំច្បាប់ចរាចរណ៍ អប់រំបញ្ហាគ្រឿងញៀន អមដោយការច្រៀងរាំក្នុងតំបន់ត្រជាក់ លេងល្បែងប្រជាប្រិយ រាំវង់ស្គរដី ប្រគំតន្ត្រីបុរាណ សម័យ និងបណ្តែតគោមទឹក ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

