សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី នៅខេត្តបាត់ដំបងដែលធ្វើឡើងនៅបរិវេណវិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងក្រងបាត់ដំបង។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តសហការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនេះឡើងដើម្បីជាការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា ការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៤នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើតឱ្យមានភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិតាមរយៈការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នារក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកកម្សាន្តព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៤ឱ្យបានល្អប្រសើរប្រកបដោយសុវត្ថិភាពដោយទប់ស្កាត់ឱ្យបាននូវបាតុភាពអសកម្មទាំងឡាយដែលនាំឱ្យមានបញ្ហាក្នុងពិធីកម្សាន្តនេះ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៤ រយៈពេល៥ថ្ងៃក្នុងគោលបំណងបង្កើតការសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយវិថី សម្តេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត (សាលាខេត្ត) ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕









