ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃសុក្រ (ទី១២ ខែមេសា) បាននិយាយថា លោករំពឹងថា អ៊ីរ៉ង់នឹងវាយប្រហារអ៊ីស្រាអែល «ឆាប់ដោយមិនមានការពន្យារពេលឡើយ» តែលោកបានព្រមានទីក្រុងតេអេរ៉ង់ កុំបន្តធ្វើឲ្យសោះ។

នៅពេលអ្នកសារព័ត៌មានសួរអំពីសាររបស់លោកទៅកាន់អ៊ីរ៉ង់ លោក Biden បានឆ្លើយតបយ៉ាងសាមញ្ញថា «កុំធ្វើឲ្យសោះ» ហើយលោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារអ៊ីស្រាអែល។ លោកបាននិយាយថា៖ «យើងមានការលះបង់ក្នុងការការការពារអ៊ីស្រាអែល។ យើងនឹងគាំទ្រអ៊ីស្រាអែល។ យើងនឹងជួយការពារអ៊ីស្រាអែល ហើយអ៊ីរ៉ង់នឹងមិនទទួលបានជោគជ័យនោះឡើយ»។
លោក Biden បានប្រាប់ថា លោកនឹងមិនបញ្ចេញព័ត៌មានសុវត្ថិភាពទេ ប៉ុន្តែបានបង្ហើបថា ការរំពឹងទុករបស់លោក គឺថា ការវាយប្រហារអាចកើតឡើង «ឆាប់ៗដោយមិនមានការពន្យារពេល»។ លោកបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន បន្ទាប់ពីធ្វើសុន្ទរកថានិម្មិតទៅកាន់សន្និសីទសិទ្ធិស៊ីវិល។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ អ៊ីស្រាអែលបានត្រៀមខ្លួនសម្រាប់ការវាយប្រហារដោយអ៊ីរ៉ង់ ឬសង្គ្រាមប្រូកស៊ី (សង្គ្រាមតំណាង) របស់ប្រទេសនេះ ខណៈដែលមានការព្រមានកើនឡើងពីការសងសឹក ចំពោះការវាយប្រហារលើបរិវេណស្ថានទូតអ៊ីរ៉ង់ កាលពីសប្តាហ៍មុននៅទីក្រុងដាម៉ាស ប្រទេសស៊ីរី ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅបរទេសរបស់កងកម្លាំង Quds និងមន្ត្រី ៦នាក់ផ្សេងទៀត។
អ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារតាមអាកាស កាលពីថ្ងៃទី« ខែមេសានោះទេ។ ប៉ុន្តែមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា អ៊ីស្រាអែល «ត្រូវតែទទួលទណ្ឌកម្ម ហើយនឹងត្រូវទទួល» សម្រាប់ប្រតិបត្តិការដែលលោកបាននិយាយថា ស្មើនឹងការវាយប្រហារលើដែនដីអ៊ីរ៉ង់៕
