បាល់ទាត់៖ ខ្សែប្រយុទ្ធស្នូលរបស់ក្រុមព្រះខ័នរាជស្វាយរៀង Jean Marie Privat បានឡើងឈរលំដាប់កំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ (Top-Scorers) បណ្ដោះអាសន្នដោយរកបាន ១០គ្រាប់ស្មើខ្សែប្រយុទ្ធអាស៊ីអឺរ៉ុប Abbee Hurbert បន្ទាប់ពីជួយក្រុមយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យដោយលទ្ធផល ៦-០ ក្នុងជំនួបសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋានគិរីវង់សុខសែនជ័យកាលពីចុងសប្ដាហ៍កន្លងទៅ។

ការប្រកួតនេះ ក្រុមលោក Conor Nestor បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះគិរីវង់ ២គ្រាប់មុននៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ Lopez Mendy នៅនាទី២៦ និងកីឡាករ នី សុខរី នៅនាទី២៨។ ចូលវគ្គទី២ ព្រះខ័នរាជស្វាយរៀងបានបន្ថែម ២គ្រាប់ទៀតដោយកីឡាករ សឿយ វិសាល នៅនាទី៥៩ និងកីឡាករ សារ៉េត គ្រីយ៉ា នៅនាទី៧៥ និង ២គ្រាប់ទៀតធ្វើសម្រេចដោយកីឡាករ Privat នៅនាទី៧៧ និងនាទី៨៩។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀងរំកិលទៅឈរលេខរៀងទី៣ ដោយមាន ១៩ពិន្ទុស្មើក្រុមលេខ២ វិសាខា បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតដូចគ្នា ឈ្នះ៦ ស្មើ១ និងចាញ់២ ស្របពេលក្រុមគិរីវង់សុខសែនជ័យ បានបន្ដរក្សាកៅអីលេខ៨ និងមាន ៩ពិន្ទុក្នុងដៃបន្ទាប់ពីប្រកួតបាន ៨លើកឈ្នះ៣ និងចាញ់៥ ។

អ្វីដែលគួរឲ្យកត់សម្គាល់ បន្ទាប់ពីរកបាន ២គ្រាប់រួមចំណែកជួយក្រុមទទួលបាន ៣ពិន្ទុបន្ថែម ខ្សែប្រយុទ្ធសញ្ជាតិកាម៉េរូន Privat ក៏បានឡើងឈរលំដាប់កំពូលតារាង Top-Scorers ដោយរកបាន ១០គ្រាប់ស្មើគ្នាជាមួយកីឡាករ Abbee Hurbert គិតត្រឹមសប្ដាហ៍ទី១០ នាំមុខបេក្ខភាពគូប្រជែងស្បែកជើងមាស ២រូបទៀតដែលរកបាន ៩គ្រាប់ស្មើគ្នារួមមានកីឡាករ Ajayi Opeyemi របស់វិសាខា និងកីឡាករ Marcio របស់ណាហ្គាវើលដ៏៕
អត្ថបទ៖ លី ឈុនឡា