សៀមរាប៖ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតបានធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃទៅលេងស្រុកកំណើត ដើម្បីជួបជុំបងប្អូនក្រុមគ្រួសារ ក្ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។

ជាមួយគ្នានេះដែរ បងប្អូនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានគិតគូរចំពោះប្រជាពលរដ្ឋដោយអនុញ្ញាតឱ្យរថយន្តរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន១៣៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកខេត្តសៀមរាប និងការដឹកជញ្ជូនពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖
១- ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង០៦៖៣០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។
២- ចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញតាមពេលវេលា និងទីកន្លែងដូចខាងក្រោម ៖
- នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ចេញដំណើរនៅវេលាម៉ោង ១៤ ៖ ០០ នាទី រសៀល
- ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ចេញដំណើររៀងរាល់ម៉ោង៦៖៣០ នាទីព្រឹក (ចេញដំណើរជាបន្តបន្ទាប់រហូតអស់រថយន្ត)
- ចេញដំណើរពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន(ផ្លូវ៦០ម៉ែត្រ) ទៅទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)។






