ចៅក្រមក្រុងញូវយ៉ក ដែលទទួលខុសត្រូវលើសំណុំរឿងព្រហ្មទណ្ឌលុយកាក់បំបិទមាត់របស់លោក Donald Trump បានច្រានចោលការស្នើរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីឲ្យពន្យារពេលសវនាការ នៅថ្ងៃចន្ទ (១៥ មេសា) ដោយលើកហេតុផលថា ការផ្សព្វផ្សាយមុនការកាត់ក្តីជាសាធារណៈយ៉ាងខ្លាំងក្លា នឹងធ្វើឲ្យដំណើរការនីតិវិធីមិនយុត្តិធម៌។
លោក Trump បានស្វែងរកការពន្យាពេលដោយគ្មានកំណត់ ដោយនិយាយថា ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមានការរើសអើងប្រឆាំងនឹងរូបលោក ហើយការស្វែងរកគណៈវិនិច្ឆ័យដែលអាចទទួលយកបាននៅតំបន់ Manhattan នឹងមានភាពលំបាកដោយសារតែតំបន់នេះ គឺ «មានភាពលម្អៀងខ្លាំង» ប្រឆាំងនឹងរូបលោក។

ប៉ុន្តែនៅក្នុងការសម្រេចមួយ កាលពីថ្ងៃសុក្រ (១២ មេសា) ចៅក្រម Juan Merchan បានឲ្យដឹងថា ការពន្យារពេលមិនកំណត់គឺ «មិនអាចទទួលយកបានទេ»។ លោក Merchan ក៏បាននិយាយផងដែរថា លោក Trump ខ្លួនឯងបានបង្កើតការផ្សព្វផ្សាយជាច្រើន ជុំវិញបញ្ហាផ្លូវច្បាប់របស់លោក ក្នុងនោះរួមទាំងតាមរយៈ «ការបង្ហោះលើបណ្ដាញសង្គមឥតឈប់ឈរ» វាយប្រហារមនុស្សដែលលោកបានស្តីបន្ទោសចំពោះពួកគេ។
គួរបញ្ជាក់ថា សំណុំរឿងលុយបំបិទមាត់ដែលត្រូវបានប្ដឹងដោយរដ្ឋមន្ត្រីកក្រសួងយុត្តិធម៌ប្រចាំតំបន់ Manhattan លោក Alvin Bragg នឹងក្លាយជាការកាត់ក្តីបទល្មើសព្រហ្មទណ្ឌលើកដំបូងរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក។ រដ្ឋអាជ្ញាបាននិយាយថា រឿងក្ដីរបស់លោក Trump បានគ្របដណ្តប់លើការបង់ប្រាក់ ១៣០.០០០ដុល្លារ ដែលអតីតមេធាវី និងជាអ្នករៀបចំឲ្យរូបលោក គឺលោក Michael Cohen បានប្រគល់ឲ្យតារាភាពយន្តអាសអាភាស Stormy Daniels ដោយមានរយៈបេលមិនយូរប៉ុន្មានមុនការបោះឆ្នោតឆ្នាំ២០១៦ ដើម្បីឲ្យរូបនាងរក្សាការសម្ងាត់ ពាក់ព័ន្ធនឹងទំនាក់ទំនងផ្លូវភេទក្រៅអាពាហ៍ពិពាហ៍ កាលពីមួយទសវត្សរ៍មុន។
យ៉ាងណាក្ដី លោក Trump ដែលត្រូវតទល់ជាមួយប្រធានាធិបលោក Joe Biden ក្នុងការបោះឆ្នោតខែវិច្ឆិកា បានបដិសេធចំពោះការជួបគ្នានេះ ហើយបានសារភាពពីភាពមិនមានទោស ចំពោះបទឧក្រិដ្ឋចំនួន ៣៤ករណី នៃការក្លែងបន្លំកំណត់ត្រាអាជីវកម្ម៕
