
ការិយាល័យអភិបាលក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា មនុស្សម្នាក់ បានស្លាប់ និង ៧នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃសុក្រ (១២ មេសា) នៅក្នុងខេត្ត Antalya ភាគខាងត្បូងប្រទេសទួរគី បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ ដែលកន្ត្រកខ្សែកាបបុកជាមួយបង្គោលដែលបាក់។
រដ្ឋមន្ត្រីមហាផ្ទៃទួរគីបានចែករំលែកវីដេអូនៅលើបណ្តាញសង្គមអំពីអ្នករបួសមួយចំនួន ត្រូវបានបញ្ជូនចេញពីឧទ្ធម្ភាគចក្រ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាបណ្ដញសង្គម X ការិយាល័យអភិបាលក្រុងបានឲ្យដឹងថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ ដើម្បីព្យាបាល ហើយកន្ត្រកខ្សែកាបចំនួន២៤ ត្រូវឈប់ទ្រឹងនៅមួយកន្លែងលើអាកាស។
ជាមួយគ្នានេះ ការិយាល័យដដែលបានប្រាប់បន្ថែមថា អង្គភាពសង្គ្រោះបន្ទាន់ បានជម្លៀសមនុស្សចំនួន ៤០នាក់ចេញពីកន្ត្រកខ្សែកាបចំនួន៧ ហើយកិច្ចខិតខំប្រឹងប្រែងនៅតែបន្តជម្លៀសមនុស្សចំនួន ១៣៤នាក់ដែលជាប់នៅក្នុងកន្ត្រកផ្សេងទៀត។ ឧទ្ធម្ភាគចក្រ និងរថយន្តជាច្រើនគ្រឿងផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ សម្រាប់កិច្ចខិតខំប្រឹងប្រែងជម្លៀសចេញពីកន្ត្រកខ្សែកាប។
យោងតាមព័ត៌មាននៅលើគេហទំព័ររបស់ខ្លួន កន្ត្រកខ្សែកាបនេះមានចំនួន ៣៦កន្ត្រក ដែលអាចផ្ទុកមនុស្សបាន ៦នាក់ក្នុងមួយកន្ត្រក ហើយវាត្រូវចំណាយពេលជាមធ្យម ៩នាទី ដើម្បីឡើងទៅកាន់ទីតាំងៃភ្នំ Tunektepe ដែលអាចមើលមើលឃើញទេសភាពយ៉ាងទូលំទូលាយរបស់ខេត្ត Antalya៕