
យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងសង្រគ្រោះបន្ទាន់របស់កាហ្សាក់ស្ថាន បានឲ្យដឹងថា មនុស្សជិត ១០០.០០០នាក់ ក្នុងនោះរួមទាំងកុមារ ៣៦.៥៩១នាក់ ត្រូវបានជួយសង្គ្រោះ និងជម្លៀសចេញ ចាប់តាំងពីទឹកជំនន់ចាប់ផ្ដើម។ តួលេខនេះត្រូវបានប្រកាសដោយមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការពារស៊ីវិល និងកងឯកភាពយោធា ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ (ទី១២ ខែមេសា) នៅឯការិយាល័យទំនាក់ទំនងកណ្តាល។
ក្រសួងសង្គ្រោះបន្ទាន់បានប្រាប់ថា ទឹកជំនន់នៅខែនេះ បានវាយប្រហារជាងពាក់កណ្តាលនៃតំបន់របស់ប្រទេស ហើយស្ថានភាពអាសន្ននៅបន្តមាននៅក្នុងខេត្តចំនួន ៨ ក្នុងចំណោមខេត្តចំនួន ១៧របស់ប្រទេសកាហ្សាក់ស្ថាន។
ជាមួយគ្នានេះ ក្រសួងបានឲ្យដឹងទៀតថា យ៉ាងហោចណាស់អគារលំនៅឋានឯកជនចំនួន ៣.៥៦៣ខ្នង តំបន់ទីធ្លាចំនួន ៥៦៣កន្លែង និងផ្ទះសម្បែងជនបទចំនួន ១.៧៧៨ខ្នង នៅតំបន់ Atyrau, Aktobe, Akmola, Kostanai, East Kazakhstan និង North Kazakhstan នៅតែត្រូវបានជន់លិច។
យោងតាមទិន្នន័យពីសេវាឧតុនិយមជាតិ Kazhydromet បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា អាកាសធាតុមិនទៀងទាត់នៅតែមាននៅក្នុងតំបន់ភាគច្រើននៃប្រទេសកាហ្សាក់ស្ថាន៕