រដ្ឋបាលខេត្តខេត្តកោះកុង បានរៀបចំតុបតែងលម្អសោភ័ណ្ឌភាពនានារួចជាស្រេចហើយ សម្រាប់កម្មវិធីសង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរគ្រប់ទិសទីទាំងអស់ដែលមកទស្សនាកម្សាន្តនៅខេត្តកោះកុង។

ការតុបតែងលម្អបែបប្រពៃណីខ្មែរជាច្រើនបានលេចរូបរាងមិននៅក្នុងទីរួមខេត្តកោះកុង បណ្តាស្រុក និងវត្តអារាមនានាក្នុងមូលដ្ឋាន សម្រាប់ភាពទាក់ទាញ និងអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៤នេះ។
លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ថា ក្រុមការងារបានរៀបចំកម្មវិធីសប្បាយជាច្រើន រួមមាន៖ ទីកន្លែងទទួលទេវតាឆ្នាំថ្មី តំបន់លេងល្បែងប្រជាប្រិយ ឆាកប្រគុំតន្រ្តី ការតាំងលក់ផលិតផលភូមិ១ឃុំ តំបន់ត្រជាក់ចិត្ត តម្លើងភ្លើងពណ៌តាមដងផ្លូវ និងកម្លាំងសមត្ថកិច្ចការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់។ ចំណែកឯតាមបណ្តាស្រុក ឬវត្តអារាមក៏មានការធ្វើបែបនេះដូចគ្នាដែរ។

លោកអភិបាលរងខេត្តកោះកុង ជឿជាក់ថា គ្រប់ពលរដ្ឋ និងភ្ញៀវទេសចរនឹងអញ្ជើញមកលេងកម្សាន្តឱ្យសប្បាយរីករាយថ្ងៃអំណសង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ។ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធអំពាវនាវដល់ពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមថែរក្សាបរិស្ថានអនាម័យបានឱ្យស្អាតល្អ ដោយមិនត្រូវបោះចោលសំរាមតាមទីសាធារណពាសវាលពាលកាលនោះទេដែលនាំឱ្យបាត់បង់សោភ័ណ្ឌទីក្រុង ព្រមទាំងតំបន់ទេសចរណ៍៕ អត្តបទ៖ ឈឹម មករា





