ចៅក្រមសហព័ន្ធនៅរដ្ឋ Delaware កាលពីថ្ងៃសុក្រ (ទី១២ ខែមេសា) បានបដិសេធមិនច្រានចោលការចោទប្រកាន់កាន់កាប់កាំភ្លើងប្រឆាំងនឹងលោក Hunter Biden ដែលជាករណីមួយ ក្នុងចំណោមសំណុំរឿងបទល្មើសព្រហ្មទណ្ឌចំនួន២ ប្រឆាំងនឹងកូនប្រុសរបស់លោក Joe Biden ខណៈដែលលោកប្រធានាធិបតីអាមេរិករបស់គណបក្សប្រជាធិបតេយ្យ កំពុងបង្កើនយុទ្ធនាការរបស់លោក ដើម្បីបានជាប់ឆ្នោតឡើងវិញ។

ចៅក្រមសហព័ន្ធអាមេរិកលោកស្រី Maryellen Noreika នៅទីក្រុង Wilmington បានច្រានចោលសំណើរបស់លោក Hunter Biden ដែលចង់ឲ្យបដិសេធការចោទប្រកាន់ចំនួន ២ករណី ពាក់ព័ន្ធនឹងការនិយាយកុហកអំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលដែលលោកបានទិញកាំភ្លើងខ្លី Colt Cobra ក្នុងឆ្នាំ២០១៨ និងករណីទី៣ ពាក់ព័ន្ធនឹងការកាន់កាប់អាវុធនោះដោយខុសច្បាប់។
សេចក្តីសម្រេចនេះបើកផ្លូវឲ្យមានការកាត់ទោសលើបទចោទប្រកាន់កាន់កាប់កាំភ្លើង ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែមិថុនា នៅទីក្រុង Wilmington។ លោក Hunter Biden បានសារភាពពីភាពមិនមានទោសពាក់ព័ន្ធនឹងការចោទប្រកាន់នេះ។
គួរបញ្ជាក់ថា រដ្ឋអាជ្ញាពិសេសលោក David Weiss បានលើកយកការចោទប្រកាន់កាន់កាប់កាំភ្លើងនេះឡើងមក នៅក្នុងខែកញ្ញា ខណៈដែលលោក Hunter Biden បានក្លាយជាកូនរបស់ប្រធានាធិបតីដំបូងគេដែលត្រូវបានចោទប្រកាន់។ លោកត្រូវប្រឈមនឹងការជាប់ពន្ធនាគារជាង ២០ឆ្នាំ ប្រសិនបើត្រូវបានផ្ដន្ទាទោសពីបទចោទកាន់កាប់កាំភ្លើងនេះ៕
