សៀមរាប៖ បវរកញ្ញា Miss Elegante ឆ្នាំ២០២២ និងគ្រូបង្រៀនព្រមទាំងប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯក បានសម្ដែងមោទកភាព ដែលរដ្ឋបាលខេត្ដសៀមរាប និងក្រុមហ៊ុនឯកជន បានរៀបចំសង្ក្រាន្ដក្រុងរុនតាឯកតេជោសែន អបអរឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនេះបានបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលបានផ្ដល់ទំនុកចិត្ដទុកដល់ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក អតីតអ្នករស់នៅតំបន់អង្គរ។
កញ្ញា ហួន ស្រីខួច ជាតំណែងបវរកញ្ញា Miss Elegante ឆ្នាំ២០២២ នៅប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋ គ្រូបង្រៀន នៅភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក បានលើកឡើងដូចគ្នាថា ការបង្កើតកម្មវិធីជួបជុំគ្នាសប្បាយរីករាយក្នុងពិធីចូលឆ្នាំថ្មី តាមរយៈការបង្កើតសង្ក្រាន្ដរុនតាឯកតេជោសែននេះ ធ្វើឱ្យប្រជាពលរដ្ឋនៅរស់នៅតំបន់នោះ លែងមានការព្រួយបារម្ភពីការរស់នៅដោយគ្មានអ្នកមើលថែទៀតហើយ។ ពួកគាត់បន្ដថា ក្រុងរុនតាឯកនាពេលបច្ចុប្បន្ន មានការអភិវឌ្ឍន៍គ្រប់វិស័យ ទាំងសន្ដិសុខសុវត្ថិភាព។ ជាក់ស្នែងការរៀបចំសង្ក្រាន្ដក្រុងរុនតាឯកតេជោសែន មានប្រជាពលរដ្ឋជាច្រើនកុះករទៅកម្សាន្ដ ដោយមានបង្ហាញនូវវប្បធម៌ប្រពៃណីជាតិខ្មែរ ការលែងល្បែប្រជាប្រិយកម្សាន្ដ បង្ហាញនូវល្ងោនស្បែកធំ ចាប៉ីដងវែង ក្បាច់គុនល្បុក្កតោ និងល្បែងប្រជាប្រិយ៍ជាច្រើនទៀត ឱ្យប្រជាពលរដ្ឋនៅទីបានស្គាល់នាឱកាសចូលឆ្នាំថ្មី។
សូមបញ្ជាក់ថា រដ្ឋបាលខេត្ដសៀមរាប និងអាជ្ញាធរស្រុកបន្ទាយស្រី អាជ្ញាធរស្រុកប្រាសាទបាគង ក្រោមការជួយជ្រោមជ្រែង ពីក្រុមហ៊ុនAgent21 Global បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តក្រុងរុនតាឯកតេជោសែន ចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែមេសាឆ្នាំ២០២៤នេះ ដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ដែលជាអត្តសញ្ញាណជាតិខ្មែរ និងចូលរួមលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ជាពិសេសរាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋទៅទុកចោលដូចក្រុមជនអគតិមួយចំនួនបាលើកឡើងនោះទេ ខណៈដែលក្រុងរុនតាឯកតេជោសែន មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង មានប្រជាជនរស់នៅច្រើនកុះករ មានការជួបជុំសាមគ្គីគ្នាបានល្អ៕