
ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋជាច្រើននាក់មកពីតាមបណ្តាលមូលដ្ឋាននានាក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យភាគ បានចាប់ផ្តើមរាំលេងសប្បាយរីករាយ នៅទីតាំងតំបន់សើមវិមានឯករាជ្យ និងមានការដាក់បង្ហាញនូវពិពណ៌សម្ភារៈនានារបស់ប្អូនៗសិស្សានុសិស្សដែលអាជ្ញាធរបានរៀបចំត្រៀមទុកក្នុងព្រឹត្តិការសង្រ្កាន្តឆ្នាំថ្មី២០២៤ ចាប់ពីរសៀលថ្ងៃទី១៣ មេសាឆ្នាំ២០២៤នេះតទៅដើម្បីអបអរទទួលទេវតាសង្រ្កាន្តឆ្នាំថ្មី។
លោក លី រដ្ឋា ដែលជាក្រុមការងារទទួលបន្ទុកនៅក្នុងទីតាំងតំបន់សើម បានឲ្យដឹងថា រដ្ឋភិបាលខេត្តបានត្រៀមរៀបចំទីតាំងកន្លែងលេងល្បែងប្រជាប្រិយជាច្រើនកន្លែងរួមទាំងទីតាំងលក់ចំណីអាហារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅសង្រ្កាន្តក្រុងសំរោង បានសប្បាយរីករាយក្នុងឱកាសពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងដំណើរការចាប់ផ្តើមបើកសង្រ្កាន្តនៅល្ងាចនេះតទៅ។
លោកបន្តថា សម្រាប់ឆ្នាំ២០២៤នេះ ក៏មិនខុសគ្នាពីឆ្នាំមុនៗនោះដែរទេ គឺរដ្ឋបាលខេត្ត និងនៅតាមរដ្ឋបាលស្រុកនានាក្នុងខេត្តតែងតែធ្វើការរៀបចំព្រឹត្តិការសង្រ្កាន្ត ជារៀងរាល់ឆ្នាំ អាក់ខានតែពេលកូវីដ-១៩ ប៉ុណ្តោះដែលមិនបានធ្វើពិធីជួបជុំគ្នាបែបនេះ។
លោកបញ្ជាក់ថា កត្តាដែលពលរដ្ឋជួបជុំគ្នា សប្បាយរីករាយក្នុងពិធីបុណ្សទានផ្សេងៗយ៉ាងបែបនេះ គឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព សុវត្ថិភាពល្អប្រសើរ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យប្រទេសជាតិបន្ត អភិវឌ្ឍរីកចម្រើនឥតឈរលើគ្រប់វិស័យ៕



