បាល់ទាត់៖ ក្រុមអាស៊ីអឺរ៉ុបបានវាយបកតាមស្មើក្រុមអង្គរថាយហ្គឺរដោយលទ្ធផល ២-២ ក្នុងជំនួបសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជានៅកីឡដ្ឋាន AEU Sport Park កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

ជំនួបដ៏ជក់ចិត្តនេះ ក្រុមអង្គរថាយហ្គឺរបានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់មុននៅនាទី១៩ ដោយកីឡាករ ឡុង ម៉េងហាវ។ បន្ទាប់ពីត្រូវក្រុមភ្ញៀវនាំមុខ គេឃើញក្រុមអាស៊ីអឺរ៉ុបបានព្យាយាមដាក់សម្ពាធ និងបង្កើតឱកាសជាច្រើនលើក តែមិនបានសម្រេចនៅចុងវគ្គទី១។ ចូលវគ្គទី២ ក្រុមអាស៊ីអឺរ៉ុបបានព្យាយាមវាបកសម្រុក រហូតរកបានគ្រាប់តាមស្មើនៅនាទី៦៦ ដោយកីឡាករ Abee Burbert មុនត្រូវបានខ្សែប្រយុទ្ធប្រេស៊ីល Da Cruz ទទួលបានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្របើកការនាំមុខជាថ្មីនៅនាទី៧៣។ ប៉ុន្ដែ ១០នាទីបន្ទាប់ កីឡាករ វ៉ាន់ វីត ក៏មានឱកាសស៊ុតគ្រាប់តាមស្មើឲ្យក្រុមម្ចាស់ផ្ទះម្ដងទៀត ហើយលទ្ធផល ២-២ ក៏បានរក្សារហូតដល់ចប់ការប្រកួតតែម្ដង។

លទ្ធផលស្មើគ្នានេះបានធ្វើឲ្យក្រុមអង្គរថាយហ្គឺរឡើងឈរកំពូលតារាងជាថ្មី តែបានកាត់បន្ថយគម្លាតពិន្ទុពីគូប្រជែងដោយរកបាន ២០ពិន្ទុពីការប្រកួត ១០លើកឈ្នះ ៦ ស្មើ ២ និងចាញ់ ២ ពោលគឺនាំមុខក្រុមវិសាខា និងព្រះខ័នរាជស្វាយរៀងតែ ១ពិន្ទុ ខណៈក្រុមទាំងពីរនេះ ទើបប្រកួតបាន ៩លើកប៉ុណ្ណោះ។ រីឯក្រុមអាស៊ីអឺរ៉ុបបានរក្សាកៅអីលេខ៩ និងមាន ៧ពិន្ទុក្នុងដៃបន្ទាប់ពីឆ្លងកាត់ ៩ប្រកួតឈ្នះ២ ស្មើ១ និងចាញ់៦៕
អត្ថបទ៖ លី ឈុនឡា