កំពត ៖ ភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗបានបង្ហាញចំណាប់អារម្មណ៍រំភើបសប្បាយរីករាយ ជាមួយកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងទេសភាពក្នុងខេត្តកំពត ជាពិសេសរូបសំណាកសេះសមុទ្របាញ់ទឹក ដែលពួកគេបានបង្ហោះលើបណ្តាយសង្គមតិកតុក បីថ្ងៃមានអ្នកចូលមើលជាង១លាននាក់។ ពួកគេបានបញ្ជាក់ថា ដោយសារស្រឡាញ់កម្ពុជា ពិសេសខេត្តកំពត ពួកគេបានសម្រេចចិត្តពន្យាទិដ្ឋាការស្នាក់នៅបន្ត។
កញ្ញា សេតទ្វីអាណា មកពីប្រទេសប៉ូឡូញ បានមកដល់កម្ពុជា១ខែហើយ។ កញ្ញាបញ្ជាក់ថា នៅទីនេះអ្វីៗគឺថ្មីធ្វើឲ្យកញ្ញាផ្ញាក់ផ្អើលណាស់។ ឥឡូវកញ្ញាមកលេងខេត្តកំពត ដើម្បីទស្សនារូបសំណាកសេះសមុទ្រដែលធ្វើឲ្យភ្ញាក់ផ្អើលបំផុត កញ្ញាថាចូលចិត្តខេត្តកំពត ព្រោះកន្លែងស្នាក់នៅស្អាត អាហារឆ្ងាញ់ ជាពិសេសមនុស្សគ្រប់គ្នានៅកម្ពុជាគឺល្អ មានវិជ្ជមាន។ កញ្ញាបន្តថាខេត្តកំពត ដែលជាខេត្តទេសចរណ៍មួយរបស់កម្ពុជា មានកងកម្លាំងគរបាលសណ្តានចិត្តល្អ ធ្វើឲ្យនាងទទួលបានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព។
លោក អាយូ ម៉ាម៉ា មកពីប្រទេសម៉ូណាកូ លើកឡើងថា លោកបានមកកម្ពុជា២ខែហើយ តាមគម្រោងត្រូវនៅតែ១សប្តាហ៍ទេ ប៉ុន្តែលោកបានសម្រេចចិត្តធ្វើការពន្យាពេលទិដ្ឋាការ ដោយសារលោកស្រឡាញ់កម្ពុជា ដូច្នេះបានស្នាក់ទៅកម្សាន្តនៅខេត្តសៀមរាម ២សប្តាហ៍ នៅកោះរ៉ុង២សប្តាហ៍, នៅបាត់ដំបង១សប្តាហ៍ នៅភ្នំពេញ១សប្តាហ៍ និងនៅខេត្តកំពតនេះ២សប្តាហ៍។
លោកបន្តថា កម្ពុជាមានអ្វីៗគួរភ្ញាក់ផ្អើលស្ងប់ស្ងែងច្រើនណាស់ ប៉ុន្តែសម្រាប់ក្រុងជាកំពតស្ងប់ស្ងាត់ មានជនបរទេសជាច្រើនមកទីនេះ រស់នៅពេលចូលនិវត្តរ៍ និងមកលក់ដូរ។ ទេសចរនឹងឃើញអ្វីជាច្រើននៅកំពត ដូចជាព្រែកកំពត រូបសំណាកសេះសមុទ្រ ចំណីអាហារ ធនធានធម្មជាតិ ជួរភ្នំនៅជិតក្រុង គ្រប់យ៉ាងគួរជាទីរីករាយបំផុត។ លោកបានបន្តថាមែនទែនទៅ លោកត្រូវចាកចេញពីកម្ពុជាកាលពី៣ថ្ងៃមុន ប៉ុន្តែមិត្តភក្តិជនជាតិខ្មែរម្នាក់ បានប្រាប់ថា ពិធីបុណ្យចូលឆ្នាំថ្មីនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែមេសានេះ ដូច្នេះហើយលោកក៏បានសម្រេចចិត្តចំណាយពេលចូលឆ្នាំនៅខេត្តកំពត។
ហើយវាជារដូវកាលល្អបំផុតនៅក្នុងឆាកជីវិតរបស់លោក ខេត្តកំពតសប្បាយខ្លាំងណាស់ ពិសេសនៅរង្វង់ទុរេនមានរថយន្តពន្លត់អគ្គីភ័យបាញ់ទឹកឲ្យប្រជាពលរដ្ឋ និងទេសចរលេងសប្បាយ គ្រប់គ្នាញញឹម សើចក្អាកក្អាយ គ្មាននរណាម្នាក់ក្រៀមក្រំអីទេ ។ នៅពេលលោកបានមកដល់ប្រទេសកម្ពុជា មានអារម្មណ៍ប្រជាជនកម្ពុជារីករាយគ្មានទូក្ខព្រួយទេ និងបានលើកកម្តើងសកម្មភាពវិជ្ជមាន ហើយគ្មានសកម្មភាពអវិជ្ជមានទេ នេះជាហេតុផលដែលលោកស្រឡាញ់កម្ពុជា ។ ដោយឡែករូបសំណាកសេះសមុទ្រ លោកបានបង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) កាលពីបីថ្ងៃមុន មានមនុស្សមួយចំនួនចូល ខមមិន អត់សូវល្អដូចជាថា លួចចម្លងគំរូពីប្រទេសសិង្ហបុរីជាដើម ប៉ុន្តែលោក បានបញ្ជាក់ថា សូមមើលទេសភាពជុំវិញទីនេះ មិនដូចសិង្ហបុរីទេ មើលចុះផ្ទៃទឹកដាច់កន្ទុយភ្នែក លោកពិតជាចូលចិត្តរូបនេះខ្លាំងណាស់ ហើយវាបានផ្តល់នូវភាពវិជ្ជមានជាច្រើន ហើយលោកតែងតែមកធ្វើសមាធិនៅទីនេះរាល់ព្រឹក ហើយវីដេអូសេះសមុទ្រនេះ ត្រូវផ្សព្វផ្សាយទូទាំងពិភពលោក គឺមានអ្នកចូលទស្សនាជាង១លាន់នាក់ឯនោះ។ លោកបានបញ្ជាក់ថាជាការពិតគ្រប់គ្នាមកកំពតឆ្នាំនេះ ដោយសារតែចង់ឃើញរូបសំណាក់សេះសមុទ្រ ដែលជាផ្ទាំងសិល្បៈមួយបង្ហាញពីខេត្តកំពត ហើយលោកគិតថាប្រជាពលរដ្ឋខ្មែរពិតជាមានមោទកភាព ដោយសាររូបសំណាកសេះសមុទ្រ ដែលបានង្ហាញអំពីអត្តសញ្ញាណ និងស្មារតីរបស់ពួកគេ ។
ថ្ងៃទី 2 នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ស្រុកចំនួន ២ ចាប់ផ្តើមធ្វើសង្ក្រាន្តឆ្នាំថ្មីដែរ គឺ ស្រុកកំពង់ត្រាច ធ្វើនៅរមណីយដ្ឋានធម្មជាតិភ្នំកំពង់ត្រាច និងស្រុកទឹកឈូ ធ្វើនៅឆ្នេរខ្សាច់កំសាន្តកោះស្មៅ ចាប់ពីម៉ោង ៣ រសៀលដល់ម៉ោង ៧:00 យប់៕ ដោយ ៖ សារីម










