កំពង់ចាម ៖នាឱកាសឆ្នាំថ្មីនេះ បងប្អូនប្រជាពលរដ្ឋបានមកលេងកម្សាន្ដ ក្នុងខេត្តកំពង់ចាមយ៉ាងច្រើនកុះករ នៅតាមតំបន់រៀបចំមហាសង្កា្រន្ត និងតំបន់ទេសចរណ៍នានា ខណៈឆ្នាំនេះរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំតែងលម្អសោភ័ណភាពនានាមានទិដ្ឋភាពស្អាតប្លែកលើសឆ្នាំមុនៗ។
ជាក់ស្តែក នៅទីអារាមហ្លូងមហាលាភ ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ឆ្នាំនេះ មានពលរដ្ឋមកលេងកម្សាន្តច្រើន ខណៈដែលព្រះសង្ឃ គណៈកម្មាធិការវត្ត មហាលាភបានបង្កើតកម្មវិធីកម្សាន្តសប្បាយជាច្រើនមុនថ្ងៃចូលឆ្នាំទៀត។ បើតាមសង្ឃដីកា របស់ព្រះអង្គ ឃីម ស្រស់ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្ត មហាលាភ បានបញ្ជាក់ថា នាឱកាសចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ រដ្ឋបាលសាលាស្រុកកោះសូទិន បានយកអារាមវត្តនេះជាកន្លែង មហាសង្គ្រាន្តឆ្នាំថ្មី ដោយរៀបចំតុបតែង និងលេងល្បែងប្រជាប្រិយតាមទំនៀមទម្លាប់ខ្មែរជាច្រើនប្រភេទ។
ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីអារាមវត្តហ្លូងមហាលាភបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ក្រោមម្លប់សន្តិភាព ដោយពួកគាត់អាចដើរលេងកម្សាន្ត និងបានរាំលេងកម្សាន្តជាលក្ខណៈប្រពៃណីជាតិខ្មែរ ដោយពុំមានការព្រួយបារម្មណ៍អ្វីឡើយ។
សូមជម្រាបជូនថា សម្រាប់ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ ទីអារាមហ្លូង់មហាលាភ គឺមានការលេងកម្សាន្តលេងល្បែងប្រជាប្រិយក្នុងន័យអភិរក្សថែរក្សាវប្បធម៍ប្រពៃណីខ្មែរ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ទិសទីមកលេងកម្សាន្តដោយសប្បាយរីករាយ។ ខណៈនៅតាមបណ្តាលវត្តមួយចំនួនក្នុងស្រុកកោះសូទិន ក៏មានការរាំលេងកម្សាន្ត និងមាន ការការពាររៀបចំសណ្តាប់ធ្នាប់ពីកងកម្លាំងសមត្ថកិច្ច រួមនឹងសហការជាមួយប្រជាការពារនៅតាមមូលដ្ឋានយ៉ាងល្អប្រសើរផងដែរ៕ ដោយ ៖ សីហា










