ភ្នំពេញ ៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ប្រជាពុទ្ធបរិស័ទក្មេង ចាស់ ប្រុស ស្រី ជាច្រើន បានអញ្ជើញមកវត្តព្រះបារមីវង្គតបុរី រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យឧទ្ទិសកុសល និងសុំសិរីសួស្តី ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាឱ្យទទួលបាននូវសុខភាពបរិបូរណ៍ និងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
ប្រជាពុទ្ធបរិស័ទ បានអញ្ជើញមកសន្សំបុណ្យនៅក្នុងវត្តព្រះបារមីវង្គតបុរី ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះថា ថ្ងៃនេះក្រុមគ្រួសាររបស់គាត់ ពិតជាមានភាពសប្បាយរីករាយ ដោយសារថ្ងៃនេះ ជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានផ្តល់ឱកាសជូនគាត់បានជួបជុំគ្នា មកកាន់វត្តអារាម ដើម្បីឧទិ្ទសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការគ្រប់សន្តានដែលបានចែកឋាន ដើម្បីឲ្យទទួលបានផលបុណ្យដែលជាកូន ជាចៅ បានធ្វើបុណ្យឧទិ្ទសជូន និងឲ្យកូនចៅមានសេចកី្តសុខ និងសុខភាពល្អ ជាពិសេសពួកគាត់បានមកកាន់ទីវត្តអារាម ដោយទឹកមុខស្នាមញញឹម និងសម្បូរសប្បាយ គឺបានមកដោយសារផ្តើមចេញពីកត្តាសន្តិភាព ក្នុងនោះក៏សូមគោរពថ្លែងអំណរគុណ និងជូនពរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ជូនបងប្អូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋ បានអញ្ជើញធ្វើបុណ្យទានគ្រប់ក្រុមគ្រួសារ។
នាឱកាសឆ្នាំថ្មី ព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងទេវតាឆ្នាំថ្មីនេះ ជួយប្រសិទិ្ធពរជ័យបវរមហាប្រសើរជូនដល់ប្រមុខដឹកនាំទាំងអស់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលលោកបានដឹកនាំប្រទេសមានសុខសន្តិភាព និងមន្រី្តរាជការ និងប្រជាពុទ្ធបរិស័ទខ្មែរទាំងអស់ សូមឲ្យមាននូវសេចកី្តសុខ សេចកី្តចម្រើន ទទួលបាននូវពុទ្ធពរទាំង៤ប្រការ៕
អត្ថបទ៖ រដ្ឋា



















