
ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានចំនួនសរុប ១៦៧.០០១នាក់ កើនឡើង ១០,៤៧% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត។

របាយការណ៍បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរជាតិ អន្តរជាតិសរុប ១៦៧.០០១នាក់នេះមាន ភ្ញៀវជាតិ ១៦៥.៦៤០ នាក់ កើនឡើង១២,៧៥% ធៀបនឹងឆ្នាំ ២០២៣។ ភ្ញៀបរទេស ៥.២៦៧ នាក់ កើនឡើង ២៣,៦៩% ធៀបនឹងឆ្នាំ ២០២៣។

របាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមទេសចរជាង១៦ម៉ឺននាក់នេះ ក៏មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិកងកេងចំនួន២ជើង ស្មើនឹងឆ្នាំកន្លងទៅមានភ្ញៀវសរុប ១០៣នាក់ កើនឡើង៦,១៨% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ ភ្ញៀវជាតិ ២នាក់ ថយចុះ ៣៣,៣៣% ធៀបនឹងឆ្នាំ ២០២៣។ភ្ញៀវអន្តរជាតិ ១០១នាក់ កើនឡើង ៧,៤៤% ធៀបនឹងឆ្នាំ ២០២៣។

ក្នុងចំណោមទេសចរទាំង១៦ម៉ឺននាក់នេះ ភ្ញៀវទៅសម្រាកកម្សាន្តតាមបណ្តាកោះនានាសរុប ១.០៣៨នាក់ ថយចុះ ២៧,១៥% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះភ្ញៀវជាតិ ៥៦២ នាក់ ថយចុះ ២៧,៤៨% ធៀបនឹងឆ្នាំ២០២៣ និងភ្ញៀវបរទេស ៤៧៦ នាក់ ថយចុះ២៦,៧៦% បើធៀបនឹងឆ្នាំ ២០២៣។

ចំណែកតាមបណ្តារមណីយដ្ឋាន និងឆ្នេរនានានៅក្នុងខេត្តព្រះសីហនុមានទេសចរទៅលេងកម្សាន្តសរុប១៥៨.៨៧០ នាក់ កើនឡើង ៦,១៦% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះភ្ញៀវជាតិ ១៥៤.១៨០ នាក់ កើនឡើង៥,៥១%ធៀបនឹងឆ្នាំ ២០២៣។ ភ្ញៀវបរទេស ៤.៦៩០ នាក់ កើនឡើង ៣៣,៤៦% បើធៀបនឹងឆ្នាំ ២០២៣៕



