ភ្លើងឆេះព្រៃលែងអាចគ្រប់គ្រងបាននៅតំបន់ភ្នំ Tarbena ស្ថិតក្នុងខេត្ត Alicante ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យម្សិលមិញ ជាហេតុនាំឲ្យក្រុមអាជ្ញាធរជម្លៀសខ្លួនមនុស្ស១៨០នាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ ។

ភ្លើងឆេះព្រៃនេះដែរ បានកើតមានឡើង ស្របពេលដែលប្រទេសអេស្ប៉ាញជួបប្រទះរលកកម្តៅខុសរដូវ អំឡុងខែមេសា ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះ ក្នុងនោះតំបន់ជាច្រើន បានមើលឃើញសីតុណ្ហភាពខុសពីធម្មតាខ្ពស់ជាងមុន ១០អង្សាសេ ។

លោកស្រី Elisa Nunez គឺជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងយុត្តិធម៌ក្នុងតំបន់ បានធ្វើដំណើរទៅកាន់កន្លែងភ្លើងឆេះព្រៃ ហើយលោកស្រីអះអាងថា ភ្លើងឆេះព្រៃនេះ ពុំអាចគ្រប់គ្រងបានដោយសារតែរលកកម្តៅ ។
សូមបញ្ជាក់ថា បញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យសីតុណ្ហភាពកើនឡើងខុសពីប្រក្រតីនៅតាមតំបន់ជាច្រើនទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុប ដែលគេមើលឃើញអាកាសធាតុក្តៅខ្លាំង អំឡុងខែមីនា និងខែមេសានេះ ៕
