ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី និយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោច ១៤នាក់ បានស្លាប់ ក្នុងហេតុការណ៍បំណាក់ដីនៅកោះ Sulawesi ហើយប្រតិបត្តិការការជួយសង្រ្គោះ កំពុងធ្វើឡើងដើម្បីស្វែងអ្នកបាត់ខ្លួន ។

លោក Abdul Muhari គឺជាអ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យប៉ះពាល់ដល់ភូមិចំនួន ២ នៅក្នុងតំបន់ភ្នំ Tana Toraja ស្ថិតនៅលើកោះ Sulawesi ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៤ខ្នង ។

ប៉ុន្តែលោកពុំបានផ្តល់សេចក្តីលម្អិតនោះឡើយពីចំនួមនុស្សដែលបាត់ខ្លួន ខណៈដែលសារព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្សយ៉ាងហោច ២នាក់ បានបាត់ខ្លួន ។
ស្ថិតនៅកណ្តាលកោះ Sulawesi តំបន់ភ្នំ Tana Toraja មានចម្ងាយប្រហែល ៣០០គ.មពីទីរួមខេត្ត Makassar ។
សូមបញ្ជាក់ថា ទឹកជំនន់ និងបំណាក់ដី បានសម្លាប់មនុស្សយ៉ាងហោច ២៦នាក់នៅលើកោះស៊ូម៉ាត្រា កាលពីខែមុន ពេលដែលភ្លៀងធ្លាក់ខ្លាំង បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នង និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
រដូវវស្សានៅប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមនៅខែមករា ក្នុងនោះទីភ្នាក់ងារឧតុនិយម បានព្យាករណ៍ថា ភ្លៀងនឹងធ្លាក់ខ្លាំងនៅកោះជ្វា និងកោះស៊ូម៉ាត្រា អំឡុងខែមេសានេះ ៕