រដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) កំពុងតាមដាន «ព្រឹត្តិការណ៍ដ៏គួរឲ្យព្រួយបារម្ភ» នៅមជ្ឈិមបូព៌ា ប៉ុន្តែខ្លួនមិនបានថ្កោលទោសការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើអ៊ីស្រាអែល នៅមុនថ្ងៃនោះទេ។

វ៉េណេហ្ស៊ុយអេឡា ជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ រុស្ស៊ី និងចិន។ ការប្រាស្រ័យទាក់ទងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក មានភាពប្រសើរឡើងខ្លះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ បានសន្យាជាមួយសហរដ្ឋអាមេរិកថា វានឹងអនុញ្ញាតឲ្យមានការចូលរួមកាន់តែច្រើនពីក្រុមប្រឆាំងនយោបាយ នៅក្នុងការបោះឆ្នោត នាពេលខាងមុខ។
រដ្ឋមន្ត្រីការបរទេសវ៉េណេហ្ស៊ុយអេឡា លោក Yvan Gil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមXថា សន្តិភាពនៅមជ្ឈិមបូព៌ា អាចត្រូវបានធានាបាន លុះត្រាតែយុត្តិធម៌ និងច្បាប់អន្តរជាតិ ត្រូវបានបង្កើតឡើងវិញ ដោយបន្ថែមថា បញ្ហានេះ គឺភាគច្រើនទាក់ទងនឹងប្រជាជនប៉ាឡេស្ទីន និងរដ្ឋ។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«ដោយសារអំពើប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន និងភាពមិនសមហេតុផលនៃរបបអ៊ីស្រាអែល ក៏ដូចជាភាពអសកម្មរបស់អង្គការសហប្រជាជាតិ ស្ថានភាពអស្ថិរភាពក្នុងតំបន់កាន់តែអាក្រក់ឡើងៗ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ»។
«ប្រទេសវ៉េណេហ្ស៊ុយអេឡា បានគាំទ្រដល់កសាងសន្តិភាពដោយយុត្តិធម៌ ដូចដែលប្រទេសភាគច្រើនក្នុងពិភពលោក ចង់បាន»។