កាលពីថ្ងៃអាទិត្យម្សិលមិញ ជនប៉ាឡេស្ទីនជម្លៀសខ្លួន បានព្យាយាមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនៅតំបន់ភាគខាងជើងហ្កាហ្សាស្រ្ទីប រយៈពេល ៦ខែក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ។

ហ្វូងមនុស្សយ៉ាងច្រើន ត្រូវបានគេមើលឃើញធ្វើដំណើរដោយថ្មើរជើងនៅតាមតំបន់ឆ្នេរ Wadi Gaza ដែលបែងចែករវាងតំបន់ភាគខាងត្បូង និងភាគខាងជើងហ្កាហ្សា ដោយសង្ឃឹមថានឹងត្រូវបានគេអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ។

ពលរដ្ឋមួយចំនួន ឃើញមានកាន់ទ្រព្យសម្បត្តិរបស់ខ្លួន និងប្រើរទេះសេះ ដើម្បីធ្វើដំណើរវិលត្រឡប់ទៅកាន់តំបន់ភាគខាងជើង ។
អ្នកស្រី Fatma al-Najjar គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប និយាយថា ពួកយើងចង់វិលត្រឡប់ទៅកាន់តំបន់ភាគខាងជើងវិញ ដើម្បីមើលផ្ទះរបស់ពួកយើង ជួបកូនៗ និងសាច់ញាតិរបស់ពួកយើង ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពុំទាន់មានការបង្គាប់ច្បាស់លាស់នោះឡើយពីយោធាអ៊ីស្រាអែល ពាក់ព័ន្ធនឹងលទ្ធភាពនៃការវិលត្រឡប់ទៅកាន់តំបន់ភាគខាងជើងហ្កាហ្សាវិញរបស់ជនប៉ាឡេស្ទីនជម្លៀសខ្លួនទាំងអស់នេះ ៕