យោធាអ៊ីស្រាអែល និយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ បានបាញ់យានដ្រូនជាង ៣០០គ្រឿង និងមីស៊ីលជាច្រើនគ្រាប់មកលើអ៊ីស្រាអែល ប៉ុន្តែ ៩៩ភាគរយនៃការវាយប្រហារនេះ ត្រូវបានបាញ់ទម្លាក់ ។

លោកឧត្តមនាវីទោ Daniel Hagari គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា សកម្មភាពរបស់អ៊ីរ៉ង់ គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយវានឹងធ្វើឲ្យភាពតានតឹងក្នុងតំបន់ ឡើងកម្តៅខ្លាំង ។
គួរឲ្យដឹងថា អ៊ីរ៉ង់ បានវាយប្រហារដោយយានដ្រូនផ្ទុកគ្រឿងផ្ទុះ និងមីស៊ីលមកលើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ដែលជាការវាយប្រហារដោយផ្ទាល់លើកដំបូងរបស់ពួកគេលើដែនដីអ៊ីស្រាអែល ជាការសងសឹកមួយធ្វើឲ្យមានការគំរាមកំហែងដល់ជម្លោះទ្រង់ទ្រាយធំជាងនេះនៅក្នុងតំបន់ ។

ដោយឡែក ប្រភពព័ត៌មានសន្តិសុខក្នុងតំបន់ចំនួន ២ បានឲ្យដឹងថា ប្រទេសហ្សកដានី ដែលស្ថិតនៅចម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែលនោះ បានត្រៀមប្រព័ន្ធការពារដែនអាកាស ដើម្បីបាញ់ស្កាត់យានដ្រូន ឬមីស៊ីលណាមួយ ដែលបានបំពានលើទឹកដីរបស់ពួកគេ ។
ទូរទស្សន៍អ៊ីស្រាអែល Channel 12 រាយការណ៍ថា យន្តហោះសហរដ្ឋអាមេរិក និងអង់គ្លេស បានចូលរួមបាញ់ទម្លាក់យានដ្រូនរបស់អ៊ីរ៉ង់ផងដែរ នៅលើព្រំដែនអ៊ីរ៉ាក់ និងស៊ីរី ៕