អាមេរិក៖ ភ្លើងឆេះព្រៃដ៏ធំបំផុតនៅរដ្ឋ California បានរួមបញ្ចូលគ្នាជាមួយអណ្តាតភ្លើងតូចៗ និងបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នងនៅតំបន់ដាច់ស្រយាល ដែលមានការកំណត់ចំនួនចូលសម្រាប់អ្នកពន្លត់អគ្គិភ័យ ខណៈភ្លើងជាច្រើនបានកើនកម្លាំង និងគំរាមកំហែងដល់ទ្រព្យសម្បត្តិនៅទូទាំងភាគខាងលិចសហរដ្ឋអាមេរិក។

ភ្លើងឆេះព្រៃដែលមានឈ្មោះថា Dixie Fire ដ៏ធំដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកក្កដា បានឆេះបំផ្លាញផ្ទះ និងសំណង់ផ្សេងៗរាប់សិបកន្លែងរួចទៅហើយ នៅពេលរួមបញ្ចូលគ្នាជាមួយភ្លើងឆេះព្រៃដែលមានឈ្មោះថា Fly Fire និងឆេះរាលដាលតាមសហគមន៍តូច Indian Falls ភាគខាងជើងរដ្ឋ California បន្ទាប់ពីមេឃចាប់ផ្ដើមងងឹតកាលពីថ្ងៃសៅរ៍។ ការប៉ាន់ប្រមាណពីការខូចខាតមិនទាន់អាចធ្វើទៅបានទេកាលពីថ្ងៃអាទិត្យ ទោះបីជាមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា អគ្គិភ័យបានឆាបឆេះព្រៃឈើ និងគុម្ពោតព្រៃជិត ៧៧២គីឡូម៉ែត្រក្រឡានៅក្នុងតំបន់ Plumas និង Butte យ៉ាងណាក្ដី។ អាជ្ញាធរទើបតែពន្លត់បានប្រមាណ ២១% ប៉ុណ្ណោះ។

អ្នកនាំពាក្យនាយកដ្ឋានព្រៃឈើ និងការពារអគ្គិភ័យ លោក Rick Carhart បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យដែលកំពុងកាន់ឧបករណ៍ប្រើដោយដៃ ត្រូវបានបង្ខំឱ្យឡើងភ្នំទៅកាន់កន្លែងដែលគ្រឿងម៉ាស៊ីនមិនអាចទៅបាន៕
អត្ថបទ៖ សុខមាន