មនុស្សយ៉ាងហោច ៨នាក់ រងការបាញ់ប្រហារនៅសង្កាត់ Back of the Yards ទីក្រុង Chicago សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ក្នុងនោះក្មេងស្រីម្នាក់ បានបាត់បង់អាយុជីវិត ។

ក្រុមនគរបាល និយាយថា ជនរងគ្រោះ រួមមានទាំងមនុស្សពេញវ័យ ៥នាក់ ដែលមានអាយុចន្លោះពី ១៩ឆ្នាំ ដល់ ៤០ឆ្នាំ ហើយនៅក្នុងចំណោមអ្នករងរបួស មានក្មេងប្រុសអាយុ ១ ឆ្នាំនិងក្មេងប្រុសអាយុ ៧ឆ្នាំ ផងដែរ ខណៈដែលក្មេងស្រីវ័យ ៧ឆ្នាំម្នាក់ បានបាត់បង់ជីវិតដោយសារតែរបួសធ្ងន់ធ្ងរនៅលើក្បាលរបស់នាង។
លោក Don Jerome គឺជាអ្នកស៊ើបអង្កេតនគរបាលក្រុង Chicago និយាយថា ករណីបាញ់ប្រហារនេះ បានកើតមាននៅលើផ្លូវលេខ ៥២ ស្ថិតតាមរុក្ខវិថី South Damen ។

ក្រុមនគរបាលបញ្ជាក់ថា ករណីបាញ់ប្រហារខាងលើ ទំនងជាផ្តើមចេញពីអំពើហិង្សាក្រុមជនអន្ធពាល និងជាករណីដ៏កម្រកើតឡើងមួយ ។
ដោយឡែក រឿងរ៉ាវលម្អិតបន្ថែមទៀតពាក់ព័ន្ធនឹងឧបទ្ទេវហេតុនេះ និងជនរងគ្រោះ ពុំត្រូវបានគេដឹងភ្លាមៗនោះទេ ៕