ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធប្រេស៊ីល និងនគរបាលសហព័ន្ធរដ្ឋ Para បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេនឹងបើកការស៊ើបអង្កេត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទូកមួយគ្រឿងត្រូវបានគេប្រទះឃើញមានសាកសពមនុស្សស្អុយរលួយរាប់សិបនាក់ នៅជិតតំបន់ឆ្នេររដ្ឋភាគខាងជើងប្រទេសប្រេស៊ីលមួយនេះ ។

នគរបាលសហព័ន្ធនិយាយថា ក្រុមអ្នកជំនាញ និងក្រុមកោសល្យវិច្ច័យ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនសាកសព សញ្ជាតិ និងមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ពុំត្រូវបានដឹងភ្លាមៗនោះទេ ។
ទូកមួយគ្រឿងនេះ ត្រូវបានប្រទះឃើញដោយក្រុមប្រជានេសាទ នៅតំបន់ Barra do Quatipuru ជិតឆ្នេរ Ajuruteua ស្ថិតក្នុងទីក្រុង Braganca ។
ក្រុមនគរបាលសហព័ន្ធ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងកងទ័ពជើងទឹកប្រេស៊ីល បានល្បាតទូកនៅតំបន់ឆ្នេរទីក្រុង Braganca ។
ដោយឡែក ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធប្រេស៊ីល បាននិយាយថា សារព័ត៌មានក្នុងស្រុក Para អះអាងថា អាចនឹងមានសាកសពមនុស្ស ២០នាក់នៅលើទូក ហើយពួកគេគឺជាជនជាតិហៃទី ៕