វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លេខ ១ ពិភពលោក Ashleigh Barty បានធ្លាក់ត្រឹមជុំទី១ គួរឱ្យភ្ញាក់ផ្អើលនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ក្រោយបរាជ័យក្រោមស្នាដៃកីឡាការិនីអេស្ប៉ាញ Sara Sorribes Tormo។
កីឡាការិនីអូស្ត្រាលីដែលទើបឈ្នះជើងឯក Grand Slam, Wimbledon លើកទី២ កាលពីដើមខែ តែបែរជាចាញ់កីឡាការិនីលេខ ៤៨ ពិភពលោក Sara Sorribes Tormo លទ្ធផល ៦-៤ និង ៦-៣។ យ៉ាងណាក្តី Ashleigh Barty នឹងនៅតែបន្តប្រកួតនៅអូឡាំពិកដដែល ដោយនាងនឹងត្រូវប្រកួតវិញ្ញាសាវាយគូនារី បន្ទាប់ពីចាប់ដៃជាមួយមិត្តរួមជាតិ Storm Sanders ឡើងជុំទី២។ ដោយឡែកលទ្ធផលផ្សេងទៀត កីឡាការិនីជប៉ុន Naomi Osaka បានយកឈ្នះកីឡាការិនីចិន Saisai Zheng ៦-១ និង ៦-៤។ Naomi Osaka ដែលបានកាន់គប់ភ្លើងអូឡាំពិកនៅក្នុងពិធីបើក គឺជាកីឡាការិនីដែលមានលំដាប់ថ្នាក់ខ្ពស់ ដែលនៅសល់ក្នុងវិញ្ញាសាវាយឯកត្តជននារីនេះ៕
អត្ថបទ៖នាង សុភាវុធ