កងទ័ពអ៊ីស្រាអែល និងប្រភពពីក្រុមគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានវាយប្រហារទីតាំងរបស់ក្រុមហេសបូឡានៅភាគខាងកើតនៃប្រទេសលីបង់ក្បែរព្រំដែនស៊ីរី ខណៈដែលភាពតានតឹង បានកើនឡើង បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែលដោយផ្ទាល់។

ប្រភពពីក្រុមហេសបូឡា បានប្រាប់សារព័ត៌មាន AFP ថា៖«ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅលើតំបន់មួយ...នៅជិតទីក្រុង Baalbek និងបានកំណត់គោលដៅអគារពីរជាន់ ដែលជាកម្មសិទ្ធិរបស់ក្រុមហេសបូឡា ដោយបន្ថែមថា មិនមានអ្នកស្លាប់ និងរបួសទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ បានរាយការណ៍ថា` ការវាយប្រហារតាមអាកាសរបស់សត្រូវ បានតម្រង់ទៅលើអគារមួយ«នៅក្នុងភូមិ Nabi Sheet ហើយ«បានបំផ្លាញវាទាំងស្រុង»។
អ្នកថតរូបសារព័ត៌មាន AFPម្នាក់នៅកន្លែងនោះ បានឃើញបំណែកបេតុង និងដែកនៃអគារដែលបានរងការវាយប្រហារនោះ។
កងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាការឆ្លើយតបទៅនឹងការវាយប្រហារ នៅពេលយប់នោះ «យន្តហោះចម្បាំង បានវាយប្រហារទីតាំងផលិតអាវុធដ៏សំខាន់មួយរបស់ក្រុមហេសបូឡា នៅក្នុងតំបន់ Nabi Sheet ដែលចូលយ៉ាងជ្រៅក្នុងប្រទេសលីបង់»។