ក្រុមតស៊ូប្រឆាំងនឹងការគ្រប់គ្រងយោធារបស់មីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមយុទ្ធជនរបស់ខ្លួន បានវាយបកទៅលើការប៉ុនប៉ងរបស់កងទ័ពរបបយោធា ដើម្បីរុលចូលទៅកាន់ទីប្រជុំជន Myawaddy ដ៏សំខាន់នៅតាមបណ្តោយព្រំដែនថៃដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាមកាលពីសប្តាហ៍មុន។

អ្នកនាំពាក្យរបស់សម្ព័ន្ធជាតិការ៉ែន(KNU) លោក Saw Taw Nee បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ការពង្រឹងកងកម្លាំងយោធា បានព្យាយាមវាយលុកលើទីប្រជុំជន Myawaddy អស់ជាច្រើនថ្ងៃ ប៉ុន្តែត្រូវបានវាយបកមកវិញ នៅក្នុងការប្រយុទ្ធគ្នា ដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ។

លោកបានប្រាប់សារព័ត៌មានរ៉យទ័រថា៖«វាមិនងាយស្រួលទេក្នុងការមកទីនេះ។ ពួកគេប្រឈមមុខនឹងការលំបាកជាច្រើន» ដោយនិយាយថា កងកម្លាំងរបស់ KNU បាននឹងកំពុង «រារាំង និងស្ទាក់ចាប់»កងទ័ពរបស់របបយោធា។
ព័ត៌មានរបស់ KNU មិនអាចបញ្ជាក់ដោយឯករាជ្យបានទេ។ អ្នកនាំពាក្យរបបយោធាដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតនៅឆ្នាំ ២០២១ មិនបានឆ្លើយតបនឹងទូរស័ព្ទពីសារព័ត៌មានរ៉យទ័រទេ។
ទីប្រជុំជនព្រំដែន Myawaddy ជាប់នឹងប្រទេសថៃ ត្រូវបានវាយដណ្តើមពីការគ្រប់គ្រងដោយយោធា ដោយកងកម្លាំងប្រឆាំងរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយ KNU កាលពីថ្ងៃព្រហស្បតិ៍។