កំពង់ឆ្នាំង៖ សង្ក្រាន្តឆ្នាំំថ្មីប្រពៃណីខ្មែរក្នុងថ្ងៃទី២ គឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ មកចូលរួមលេងកម្សាន្តសប្បាយនៅសង្ក្រាន្តកំពង់ឆ្នាំងប្រមាណ ១១ ម៉ឺននាក់ ខណៈនៅថ្ងៃចូលឆ្នាំទី៣ និងទី៤សង្ឃឹមថាមានអ្នកមកចូលរួមកាន់តែច្រើន។ នេះបើតាម ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះកររហូតដល់ជាង១១ម៉ឺននាក់ ដោយទឹកមុខពួកគាត់ពោរពេញដោយក្តីសប្បាយរីករាយ បង្ហាញពីសេចក្ដីសុខពេញបេះដូង ចំពោះការរៀបចំសង្ក្រាន្តខេត្តកំពង់ឆ្នាំងឆ្នាំនេះ។

នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ប្រជាពលរដ្ឋ និងយុវជនយើងប្រមាណជាង១១ម៉ឺននាក់ បានមកចូលរួមលេងកម្សាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំយ៉ាងកក្រើកនៅតំបន់ត្រជាក់ វិមានឯករាជ្យ និងមុខសាលាខេត្តកំពង់ឆ្នាំង ជាមួយថ្នាក់ដឹកនាំ រួមនឹងស្នូរសំឡេងភ្លេងកន្ត្រាក់អារម្មណ៍ ការរាំរែកកម្សាន្ត សប្បាយរីករាយ និងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទផងដែរ។

សូមជម្រាបថា ពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តកំពង់ឆ្នាំរយៈពេលពីរថ្ងៃមកនេះ ប្រជាពលរដ្ឋ និងយុវជនបាននាំគ្នាលេងកម្សាន្តយ៉ាងសប្បាយរីករាយដោយគ្មានព្រួយបារម្ភអ្វីឡើយ ដោយសារកត្តាសុខសន្តិភាពពេញលេញបរិបូណ៌ សន្តិសុខរៀបចំបានយ៉ាងរឹងមាំ មានទំនុកចិត្តខ្ពស់ ដោយសង្ឃឹមយ៉ាងមុតមាំចំពោះសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការគ្រប់គ្រងរបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានយ៉ាងមានប្រសិទ្ធភាព៕ កាំង ហុងវាស្នា

