ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ សម្រាប់សង្ក្រាន្តថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅសង្ក្រាន្តវត្តភ្នំ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បន្តមកជួបជុំកម្សាន្តកាន់តែច្រើននៅតំបន់សើម។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំដែលបានដំណើរការទៅរយៈពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋដែលមកលេងកម្សាន្ត បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ថា ការរៀបចំសង្ក្រាន្តវត្តភ្នំនាឆ្នាំនេះបានបង្កភាពសប្បាយរីករាយយ៉ាងក្រៃលែង ដោយសារការតុបតែង និងកម្មវិធីអមផ្សេងៗបានផ្តល់ការលេងកម្សាន្តជួបជុំដែលមានលក្ខណៈធំជាងបណ្តាឆ្នាំមុនៗ។ ប្រជាពលរដ្ឋបានកោតសរសើរចំពោះការប្រកាសរបស់រាជរដ្ឋាភិបាលដែលបានឱ្យរាជធានី-ខេត្តនីមួយៗរៀបចំរៀងៗខ្លួន ដែលផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋអាចជ្រើសរើសការដើរកម្សាន្តក្នុងឱកាសសង្ក្រាន្តឆ្នាំនេះបានគ្រប់ទីកន្លែង។

ជាមួយគ្នា ភ្ញៀវបរទេស លើកឡើងថា ការរៀបចំសង្ក្រានរបស់កម្ពុជាពិតជាធ្វើបានល្អ ទាំងការតុបតែង ការជួបជុំមិនថាប្រជាពលរដ្ឋកម្ពុជា ឬទេសចរណ៍បរទេសនោះទេ ខណៈភ្ញៀវបរទេសរូបនេះ ពេលបានចូលរួមលេងកម្សាន្តសង្ក្រានធ្វើឱ្យគាត់យល់ថាខ្លួនជាប្រជាពលរដ្ឋខ្មែរមួយរូប។

ចំពោះសង្ក្រានវត្តភ្នំក្នុងឆ្នាំនេះក្រៅពីតំបន់សើម សាលារាជធានីភ្នំពេញ បានរៀបចំការដាក់បង្ហាញឧបករណ៍ជាច្រើនដែលជាសម្បត្តិជាតិដែលដូនតាបន្សល់ទុក និងល្បែងប្រជាប្រិយសម្រាប់លេងកម្សាន្ត ដើម្បីថែរក្សាកេរ្ត៍ដំណែលនេះឱ្យបានគង់វង្សយូរអង្វែង។ លើសពីនេះ កត្តាដែលប្រពលរដ្ឋជួបជុំគ្នា សប្បាយរីករាយក្នុងឱកាសសង្រ្កានឆ្នាំថ្មី ឬពិធីបុណ្យផ្សេងៗបែបនេះ គឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព សុវត្ថិភាពល្អប្រសើរ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យប្រទេសជាតិបន្តអភិវឌ្ឍរីកចម្រើនឥតឈរលើគ្រប់វិស័យ៕


